(ភ្នំពេញ)៖ ធនាគារវីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត គាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨ ធនាគារវីង ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយ ភ្នាក់ងារវីង អតិថិជន និងដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់ និងរៃអង្គាសប្រាក់ជួយ ដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបវិបត្តិ ផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសព័ន្ធរួមមាន ធនាគារ វីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត បានសហការបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយ អំពីបុណ្យផ្កាប្រាក់មហាសាមគ្គី និងរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យ។ នេះជាលើកទី២ហើយ ដែលធនាគារវីង បានចូលរួមប្រារព្ធពីធីនេះ។
លោកស្រី ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការ នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ធនាគារ វីង (ខេមបូឌា) ម.ក បានថ្លែងថា «ក្នុងនាមជាម្តាយមួយរូប នៅពេលដែលកូនៗ មានបញ្ហាសុខភាព អ្នកម្តាយតែងតែកើតក្តីបារម្ភគ្រប់ពេលវេលា ជាពិសេសនៅពេលដែលកូនឈឺ និងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត»។
អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគធនធានផ្ទាល់ខ្លួននូវទឹកប្រាក់ចំនួន១០លានរៀល សម្រាប់រួមចំណែក ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី។
ធនាគារវីង ក៏បានរួមចំណែកនូវទឹកប្រាក់ចំនួន២០លានរៀល ព្រមទាំងបានលើកទឹកចិត្តបុគ្គលិកឲ្យចូលរួមបរិច្ចាគ និងបានផ្សព្វផ្សាយដល់សាធារណៈជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឲ្យមានការចូលរួមបរិច្ចាគថវិកាកាន់តែច្រើន។ វីង បានផ្តល់សេវាឥតគិតថ្លៃ ដល់សប្បុរសជនទាំងឡាយ ដែលបានបរិច្ចាគថវិកា តាមរយៈសេវាកម្មរបស់ខ្លួន។
ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត បានរួមចំណែកទឹកប្រាក់ចំនួន ១០លានរៀល និងបានផ្សព្វផ្សាយតាមរយៈ ការផ្ញើសារផ្សព្វផ្សាយតាមទូរស័ព្ទ ដល់សាធារណៈជនទូទាំងប្រទេសផងដែរ។
មន្ទីរពេទ្យកុមារអង្គរ បានទទួលរងការប៉ះពាល់គួរឲ្យកត់សម្គាល់ លើផ្នែកហិរញ្ញវត្ថុនៅអំឡុងពេលនៃជំងឺរាតត្បាតនេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងធានាថា មន្ទីរពេទ្យអាចបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារដែលងាយរងគ្រោះ ដោយសារប្រាក់ចំណូលគ្រួសារធ្លាក់ចុះ។
ពិធីនេះ ត្រូវបានរៀបចំឡើងជាពីរផ្នែក ដោយរួមមានការសម្តែងព្រះធម៌ទេសនា ជាធម្មទានដោយធម្មកថិកល្បីៗ តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៨ ខែសីហា និងបញ្ចប់នៅថ្ងៃទី ២៩ ខែសីហា។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានថ្លែងថា «ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុត ដើម្បីធ្វើឲ្យប្រតិបត្តិការរបស់យើង ដំណើរការប្រកបដោយគុណភាពនិងក្តីមេត្តា។
លោកបានបន្តថា «តាងនាមឲ្យមន្ទីរពេទ្យកុមារអង្គរ ក៏ដូចអ្នកជំងឺទាំងអស់ យើងសូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន សហការីមកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងម្ចាស់ជំនួយដទៃផ្សេងទៀត ចំពោះការរួមចំណែកដ៏មានតម្លៃនេះ»។
មន្ទីរពេទ្យកុមារអង្គរ ជាមណ្ឌលសុខភាពថែទាំកុមារឈានមុខគេមួយ នៅកម្ពុជាដែលបានពិនិត្យ និងព្យាបាលកុមារជាច្រើន នៅទូទាំងកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩។ ជារៀងរាល់ថ្ងៃ មន្ទីពេទ្យនេះ បានផ្តល់ការព្យាបាលដល់កុមារប្រមាណ៤០០ នាក់ និងបានចំណាយទឹកប្រាក់៦លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
ក្នុងឆ្នាំ២០២០កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានពិនិត្យ និងព្យាបាលកុមារបានចំនួន ៩៧ ០៦៩ករណី អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និស្សិតគិលានុបដ្ឋាក និស្សិតវេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរបានចំនួន៧៣ ៩០៨នាក់ និងអប់រំសុខភាពតាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និងក្នុងសហគមន៍បានចំនួន ៥៦ ៧៤៧នាក់ ។
ដោយសារវិបត្តិនៃជំងឺកូវីដ១៩នៅតែបន្តកើតមានឡើង មន្ទីរពេទ្យកុមារអង្គរបានទទួលរងការប៉ះពាល់គួរឲ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុ ព្រោះព្រឹត្តិការណ៍ ឬសកម្មភាពរៃអង្គាសមួយចំនួនធំ មិនអាចប្រព្រឹត្តិទៅបាន ហើយជំនួយមូលនិធិពីក្រុមហ៊ុនអាជីវកម្ម ឬសប្បុរសជនដែលធ្លាប់ផ្តល់ជំនួយសប្បុរសធម៌មកកាន់មន្ទីរពេទ្យ ក៏មានការធ្លាក់ចុះ។
អតិថិជនវីង ដែលមានបំណងចង់ចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ ពួកគេអាចធ្វើការបរិច្ចាគធនធានរបស់ពួកគេតាមរយៈភ្នាក់ងារវីង ជិត១ម៉ឺនកន្លែង ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងដោយឥតគិតថ្លៃ។ អតិថិជនក៏អាចធ្វើការបរិច្ចាគតាមលេខគណនីជាប្រាក់រៀល «៩១២២» ឬប្រាក់ដុល្លារតាមគណនីលេខ «៨១២២»៕