(ភ្នំពេញ)៖ អតីតម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ជំនាន់ អ្នកនាង ស៊ន សៀវម៉ី បាននឹងកំពុងតែធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជននិយមលេងបណ្តាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់បានបញ្ចេញរូបភាពយ៉ាងស្រស់ស្រាយជាច្រើនសន្លឹកជាមួយស្វាមី អំឡុងពេលថតរូបជាអនុស្សាវរីយ៍ក្នុងពេលពពោះកូនដំបូង ខណៈថ្ងៃសម្រាល ក៏ខិតជិតចូលមកដល់។
អ្វីដែលចាប់អារម្មណ៍នោះ គឺកន្លងមកមហាជនធ្លាប់តែស្គាល់ និងឃើញកីឡាការិនី ស៊ន សៀវម៉ី ក្នុងសភាពជានារីក្លាហាន ស្វាហាប់ រឹងមាំ តែចាប់តាំងពីសម្រេចយកស្វាមីមក នាងក៏សម្រេចយកបុត្រ ដើម្បីជាចំណងដៃអាពាហ៍ពិពាហ៍ និងប្រែមកជាអ្នកម្តាយវ័យក្មេងដ៏ស្រស់សោភា ក្នុងឈុតរ៉ូបនារីពោះធំ។ ត្បិតថា ថ្មីៗនេះ ស៊ន សៀវម៉ី បានបង្ហាញជាបន្តបន្ទាប់ពីរូបភាពកំពុងពពោះក៏ពិតមែន តែមិនបានបញ្ជាក់ប្រាប់អ្នកគាំទ្រឡើយថា នាងកំពុងពពោះកូនប្រុស ឬក៏ស្រី។
បើគេនៅចាំមិនភ្លេច កីឡាការិនីឆ្នើមផ្នែកកីឡាតេក្វាន់ដូ WT រូបនេះ បានភ្ជាប់ពាក្យជាមួយ លោក កែវ ដេវីត កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ និងគ្រោងរៀបចំពិធីរៀបការនៅពេលជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ តែយ៉ាងណាដោយសង្កេតឃើញថា ជំងឺមួយនេះនៅតែអូសបន្លាយ ស៊ន សៀវម៉ី និងគូដណ្តឹង ក៏សម្រេចរៀបចំពិធីសែនព្រេនតាមប្រពៃណីខ្មែរ មានការចូលរួមពីសាច់ញាតិចាស់ទុំទាំងសងខាងយ៉ាងរីករាយ ខណៈរហូតមកទល់នឹងពេលនេះអ្នកនាងកំពុងពពោះកូនដំបូងផងដែរ។
សូមបញ្ជាក់ថា ស៊ន សៀវម៉ី ជាកីឡាការិនីតេក្វាន់ដូកម្រិតប្រវត្តិសាស្ដ្ររបស់កម្ពុជា រហូតត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពី សៀវម៉ី បានកែប្រែប្រវត្តិសាស្ត្រដោយការដណ្តើមបានមេដាយមាសកីឡាអាស៊ី (Asian Games) កាលពីឆ្នាំ២០១៤ នៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជាកីឡាការិនីកម្ពុជាដំបូង ដែលបានឆ្លងកាត់វគ្គជម្រុះ ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣សម័យកាលទៀតផង៕