(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញពីគម្រោងរថយន្ត Apple Car ដែលនឹងបង្ហាញខ្លួននៅឆ្នាំ២០២៤ ប៉ុន្តែគម្រោងមួយនេះមិនត្រូវ បានគេដឹងថា ជារថយន្តអគ្គិសនី ឬជា Software សម្រាប់ប្រើជាមួយនឹងរថយន្តអគ្គិសនីនោះទេ ខណៈដែលនៅពេលនេះមានពាក្យចចាមអារ៉ាមថ្មី ទាក់ទងនឹងគម្រោងមួយនេះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Apple បាននិងកំពុងតែ សំងំអភិវឌ្ឍន៍លើគម្រោង Apple Car ដោយខ្លួន ពោលគឺមិនមានដៃគូរសហការនោះទេ វាផ្ទុយស្រឡះទៅនឹងពាក្យចចាមអារ៉ាមដែលបានលេចឭ កាលពីដើមឆ្នាំ២០២១។
យោងតាមប្រភពបែកធ្លាយបានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Apple បានសិក្សា និងស្រាវជ្រាវទៅលើគម្រោង Apple Car តាំងពីឆ្នាំ២០១៤ និងនៅឆ្នាំ២០១៦ ក្រុមហ៊ុន Apple បានស្វែងរកដៃគូរសហការទៅលើគម្រោងមួយនេះ ប៉ុន្តែ Apple បានផ្លាស់ប្ដូរចិត្តវិញ ដោយងាកមកបន្តការស្រាវជ្រាវដោយខ្លួនបន្តទៀត។
ក្រោយមកទៀត ក្រុមហ៊ុន Apple បានយកគម្រោងមួយនេះទៅពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Toyota , Nissan,
BMW និង Hyundai ប៉ុន្តែគេមិនបានដឹងពីលទ្ធផលនៃការពិភាក្សានោះទេ គ្រាន់តែដឹងថា Apple បានបន្តការអភិវឌ្ឍន៍លើ Software សម្រាប់ Apple Car ដដែល។
ប្រភពជាច្រើនបានលើកឡើងថា មានមូលហេតុធំៗចំនួនពីរដែលនាំឱ្យ Apple សម្រេចចិត្តធ្វើគម្រោង Apple Car ដោយខ្លួនឯងនោះគឺទី១ ក្រុមហ៊ុន Apple ចង់ប្រើប្រាស់ស្លាកសញ្ញា ឬឈ្មោះ Apple ផ្ដាច់មុខតែឯង ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តធំៗទាំងនោះមិនព្រម សហការ ចំណែកមូលហេតុទី២ គឺ Apple អាចនឹងសិក្សា និងយល់ច្បាស់អំពីគម្រោងមួយនេះក្រោយពេលបានពិភាក្សាជាមួយនឹង ក្រុមហ៊ុន ផលិតរថន្តធំៗទាំងនោះរួចមក។
ទាំងអស់នេះគ្រាន់តែជាមូលហេតុដែលក្រុមអ្នកវិភាគបានលើកឡើងប៉ុណ្ណោះ ដោយឡែកនៅពេលនេះសារព័ត៌មានអាល្លឺម៉ង់បានចេញផ្សាយថា មូលហេតុដែល Apple សម្រេចចិត្តធ្វើតែឯងដោយសារតែ Apple មិនចង់ពន្យារពេល ព្រោះថា Apple បានប្រកាសរួចហើយថា គម្រោង Apple Car នឹងបង្ហាញខ្លួននៅឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា នៅដើមសប្ដាហ៍នេះលោក Doug Field មេធំដឹកនាំគម្រោង Apple Car បានលាឈប់ពីការងារ និងទៅបម្រើការងារនៅ ក្នុងក្រុមហ៊ុន Ford វិញ៕