(ប៊ែរឡាំង)៖ យន្តហោះដឹកក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដែលវិលត្រឡប់មកពីប្រទេសអ៊ីស្លង់ ក្រោយពីបញ្ចប់ការប្រកួតវគ្គជម្រុះ World Cup នោះ បានបង្វែរទិសដៅ ទៅកាន់ប្រទេសស្កុតឡែន ដើម្បីធ្វើការត្រួតពិនិត្យសុវត្ថិភាព, នេះបើតាមការបញ្ជាក់ពី សមាគមបាល់ទាត់អាល្លឺម៉ង់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ។
«ជើងហោះហើរវិលត្រឡប់មកកាន់ផ្ទះរបស់យើង បានបង្វែរទិសទៅកាន់ទីក្រុង Edinburgh ដើម្បីត្រួតពិនិត្យសុវត្ថិភាពជាមុន លើយន្តហោះ», នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគម ដែលបង្ហោះលើ Twitter។ «អ្នកគ្រប់គ្នា គឺមានសុវត្ថិភាព ហើយកំពុងរង់ចាំ ស្របពេលដែលបុគ្គលិក កំពុងបំពេញតួនាទីរបស់ពួកគេ ប្រកបដោយវិជ្ជាជីវៈ»។
គួរជម្រាបថា អាល្លឺម៉ង់ បានឈ្នះក្នុងការប្រកួតជម្រុះក្នុងពូល J ក្នុងលទ្ធផល៤-០ លើក្រុមអ៊ីស្លង់ ក្នុងរដ្ឋធានី Reykjavik កាលពីថ្ងៃពុធ៕