(ភ្នំពេញ)៖ ការប្រកួតដ៏ធំប្រចាំសប្ដាហ៍ចុងក្រោយ ក្នុងជុំទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ រវាងក្រុមខ្លាំងបឹងកេត និងក្រុមកំពូលតារាងវិសាខា ដែលគ្រោងប្រកួតនាថ្ងៃទី១១ ខែកញ្ញានេះ អាចនឹងត្រូវពន្យារពេលការប្រកួតជាបណ្ដោះអាសន្ន បន្ទាប់ពីមានមន្ដ្រីម្នាក់ និងកីឡាករម្នាក់របស់ក្រុមនាគខៀវបឹងកេត បានធ្វើតេស្ដរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ។ នេះបើតាមការជូនដំណឹងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ ។
យោងតាមការជូនដំណឹង CNCC បានឲ្យដឹងថា «តាមនិតិវិធីវិធានសុត្ថិភាព ក្លិបទាំងអស់តម្រូវត្រូវធ្វើតេស្តរហ័សរាល់មុនគ្រប់ការប្រកួត ហើយកាលពីថ្ងៃ០៨ ខែកញ្ញា ឆ្នាំ២០២១ ពេលក្លិបបឹងកេតធ្វើតេស្តនោះរកឃើញកីឡាករ ១រូប និងមន្រ្តីក្លិប ១រូប របស់ខ្លូនមានលទ្ធផល វិជ្ជមានជំងឺកូវីដ-១៩ ជាមួយគ្នានេះផងដែរសំណាករបស់កីឡាករ និងមន្រ្តីខាងលើនេះត្រូវបានបន្តយកទៅធ្វើតេស្ត PCR ។ ដូច្នេះមន្ត្រី និងកីឡាករដ៏ទៃទៀតដែល (អវិជ្ជមាន) និងការប្រកួតថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ត្រូវរង់ចាំលទ្ធផលវិភាគបញ្ជាក់របស់កីឡាករ និងមន្រ្តីខាងលើនេះ» ។
ផ្អែកលើប្រភពព័ត៌មាននេះ សបញ្ជាក់ឲ្យឃើញថា ជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំងនេះ ត្រូវប្រឈមនឹងការពន្យារពេល ក្នុងករណីមន្ដ្រី និងកីឡាករក្លិបបឹងកេតឃើញថា ទទួលបានលទ្ធផលវិជ្ជមាន ពីការធ្វើតេស្ដ PCR ។ ប៉ុន្ដែប្រសិនបើការធ្វើតេស្ដ PCR ពួកគេទទួលបានលទ្ធផលអវិជ្ជមានវិញនោះ ការប្រកួតអាចនឹងដំណើរការធម្មតា ដូចកាលបឹងកេត រកឃើញកីឡាករ ២រូបសង្ស័យមានវិជ្ជមានកូវីដ-១៩ មុនការប្រកួតជាមួយក្លិបអគ្គិសនីកម្ពុជា តែក្រោយធ្វើតេស្ដ PCR ទទួលបានលទ្ធផលអវិជ្ជមាន CNCC ក៏រៀបចំការប្រកួតរវាងក្រុមទាំងពីរវិញ ក្រោយពន្យារពេល ២ថ្ងៃ កាលពីដើមសប្ដាហ៍កន្លងទៅ ។
គួរដឹងថា តាមកម្មវិធីប្រកួត បឹងកេត នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខា នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃសៅរ៍នេះ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដែលជាជំនួបដ៏ទាក់ទាញ ខណៈអ្នកគាំទ្រជាច្រើន កំពុងរង់ចាំទស្សនា និងអ៊ុតលទ្ធផល ។ បច្ចុប្បន្នក្រុមខ្លាំងទាំងពីរ កំពុងមានពិន្ទុប្រទាញប្រទុងគ្នានៅតំបន់កំពូលតារាង ក្នុងនោះវិសាខា ឈរកំពូលតារាងមាន ២៥ពិន្ទុ ស្មើក្រុមភ្នំពេញក្រោន ឈរលេខ២ គ្រាដែលបឹងកេត ឈរលេខ៣ មាន ២៤ពិន្ទុ ដោយចាញ់ប្រៀបគ្នាតែ ១ពិន្ទុប៉ុណ្ណោះ ៕