(រីយ៉ូ)៖ អតីតខ្សែការពាររបស់ក្លិប Manchester United កីឡាករ Rafael da Silva បានព្រមព្រៀងចូលរួមជាមួយក្លិប Botafogo របស់ប្រេស៊ីល ក្នុងលក្ខខណ្ឌផ្ទេរដោយឥតតម្លៃខ្លួន បន្ទាប់ពីចាកចេញពីក្លិប Basaksehir របស់តួកគី។ នេះបើតាមការបញ្ជាក់ពីក្លិបរបស់ប្រេស៊ីល ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។
កីឡាករវ័យ ៣១ឆ្នាំរូបនេះនឹងលេងជាមួយក្លិប ដែលលោកបានគាំទ្រកាលពីកុមាររហូតដល់ខែធ្នូ ឆ្នាំ២០២៣ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្លិប Botafogo។
«វាពិតជាពេញចិត្តខ្លាំងណាស់ដែលយើងអាចសម្រេចក្តីសុបិន្តពីកុមារភាពឲ្យក្លាយជាការពិត នាំមកជូនក្លិបរបស់យើង មិនត្រឹមតែជាអ្នកគាំទ្រ Botafogo ដ៏ងប់ងល់ប៉ុណ្ណោះទេ ថែមទាំងជាកីឡាករកម្រិតកំពូលផងដែរ» នេះបើតាមសម្តីលោកប្រធានក្លិប Durcesio Mello បានលើកឡើង។
កីឡាករ Rafael គ្រោងនឹងទៅដល់ទីក្រុង Rio de Janeiro ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយនឹងចាប់ផ្តើមហ្វឹកហាត់ជាមួយនឹងក្រុមថ្មីរបស់លោក នៅសប្តាហ៍ក្រោយ។
កីឡាករខ្សែការពារស្តាំរូបនេះមិនបានលេងនៅប្រេស៊ីល ចាប់តាំងពីចុះកិច្ចសន្យាជាមួយក្លិប Manchester United ជាមួយនឹងបងប្អូនប្រុសភ្លោះរបស់លោក Fabio ក្នុងវ័យ ១៧ឆ្នាំ។
Rafael បានបង្ហាញខ្លួន ១៧០ប្រកួតសម្រាប់ក្លិប Manchester United មុនពេលចូលរួមជាមួយក្លិប Lyon ក្នុងឆ្នាំ២០១៥ ហើយក្រោយមកចូលរួមជាមួយក្លិប Basaksehir ក្នុងឆ្នាំ២០២០។
គួរបញ្ជាក់ថា Botafogo ជាក្លិបមួយក្នុងចំណោមក្លិបវ័យចំណាស់បំផុតរបស់ប្រេស៊ីល បច្ចុប្បន្នកំពុងលេងនៅលីគ Serie B របស់ប្រេស៊ីល៕