(ចិន)៖ និយ័តករចិនបានបានកោះហៅ ក្រុមហ៊ុនផ្ដល់សេវាកម្មហ្គេមនៅក្នុងប្រទេសខ្លួនមកប្រជុំ និងជំរុញឱ្យ ផ្ដោតសំខាន់លើប្រាក់ចំណេញតិច និងត្រូវបង្កើនការយកចិត្តទុកដាល់លើអ្នកលេងហ្គេមវិញ ដែលការកោះហៅនេះត្រូវបានធ្វើឡើងតែប៉ុន្មានសប្ដាហ៍ក្រោយពីចេញច្បាប់ថ្មីកំណត់ ទៅលើពេលវេលា និងសម្រាប់ក្មេងក្រោយអាយុ១៨ឆ្នាំ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១បានឱ្យដឹងថា ក្រុមហ៊ុនផលិត និងផ្ដល់សេវាកម្មហ្គេមនៅ ក្នុង ស្រុកចិន ដែលមានដូចជា Tencent និង NetEase ត្រូវបាននិយ័តករចិនកោះហៅប្រជុំដើម្បីពិភាក្សាទៅលើការ រឹតបណ្ដឹងទៅលើការលេងហ្គេម ដោយក្នុងនោះនិយ័តករបានជំរុញឱ្យក្រុមហ៊ុនហ្គេមទាំងអស់ត្រូវផ្ដោតសំខាន់លើប្រាក់ចំណេញក្នុងកម្រិតទាប ប៉ុន្តែត្រូវយកចិត្តទុកដាក់ទៅលើ ពេលវេលា និងសុខភាព របស់អ្នកលេងហ្គេមវិញ។

ឆ្លើតបតទៅនឹងការជំរុញនេះ ក្រុមហ៊ុនហ្គេមបានបង្វែរសំណួរទៅកាន់និយ័តករវិញ និងបានលើកឡើងថា ការកំណត់វាមិនមែនអាចធ្វើទៅបាន ដោយ ក្រុមហ៊ុនហ្គេមតែឯងនោះទេ ពោលគឺត្រូវមានការចូលរួមពីអ្នកលេងផងដែរ។ ក្រុមហ៊ុនហ្គេមទាំងនោះបានណែនាំថា ពួកគេអាចបង្កើនការ ផ្សព្វផ្សាយ ពីផលប៉ះពាល់នៃការលេងហ្គេមហួសហេតុ ឬជ្រុលពេក។

បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយអំពីកិច្ចពិភាក្សាមួយនេះ តម្លៃហ៊ុនរបស់ក្រុមហ៊ុន ហ្គេម Tencent និង NetEase បានធ្លាក់ចុះជាង ៥ភាគរយ ព្រមទាំង ហើយអ្នកវិភាគបានព្យាករណ៍ថាអាចនឹងបន្តធ្លាក់ចុះទៀត បើសិនជាពុំមានដំណោះស្រាយល្អ។

គួរបញ្ជាក់ផងដែរថា មួយរយៈក្រោយនេះរដ្ឋាភិបាលចិនបានចាប់ផ្ដើមរឹតបណ្ដឹងទៅលើក្រុមហ៊ុនបច្ចេកវិទ្យា ដោយក្នុងនោះក្រុមហ៊ុនហ្គេមក៏ស្ថិតនៅ ក្នុងផ្នែកមួយនៃការអនុវត្តច្បាប់ថ្មីផងដែរ ដោយកាលពីប៉ុន្មានសប្ដាហ៍មុននេះ ចិនបានចេញច្បាប់ថ្មីគឺតម្រូវឱ្យក្មេងក្រោមអាយុ ១៨ឆ្នាំអាចលេង ហ្គេម បានត្រឹមតែ ៩០នាទីប៉ុណ្ណោះសម្រាប់ថ្ងៃធម្មតា និង ៣ម៉ោងសម្រាប់ ថ្ងៃចុងសប្ដាហ៍៕