(ញូវយ៉ក)៖ ការប្រកួតវាយកូនបាល់ (Tennis) កម្រិត Grand Slam នៃកម្មវិធី US Open 2021 នៅពេលនេះរកបានគូប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងផ្នែកបុរស និងផ្នែកនារី ដោយកីឡាករលេខ ១ពិភពលោក Novak Djokovic ត្រូវប៉ះជើងខ្លាំងលេខ ៤ពិភពលោក Alexander Zverev ក្នុងវគ្គ ៤នាក់មន្តទៀត។ នេះបើតាមការចេញផ្សាយដោយ Fox Sport នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងវគ្គ ៨នាក់ផ្នែកបុរសឈរលេខ ១ពិភពលោក Novak Djokovic បានយកឈ្នះគូប្រជែង Matteo Berrettini នៃលំដាប់ពិន្ទុ ៣សិតទល់ ១សិត ត្រូវប៉ះ Alexander Zverev ដែលបានយកឈ្នះ Lloyd Harris គ្រាដែល ១គូទៀតជាការប៉ះគ្នារវាង Felix Auger Aliassime និងជើងខ្លាំងលេខ ២ពិភពលោក Daniil Medvedev ដើម្បីប្រជែងឡើងវគ្គផ្តាច់ព្រ័ត្រផ្នែកបុរស។

ក្នុងនោះដែរ US Open 2021 សម្រាប់គូប្រជែងផ្នែកនារីវិញ គឺកីឡាការិនី Emma Raducanu ប៉ះ Maria Sakkari ហើយ ១គូទៀត គឺកីឡាការិនី Leylah Fernandez ប៉ះ Aryna Sabalenka។ សម្រាប់ការប្រកួតនឹងបញ្ចប់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ៕