(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលមានប្រើពាក្យសម្ដីជេរប្រមាថ និងព្រមានធ្ងន់ៗ តាមរយៈទូរស័ព្ទ ទៅលើតារាចម្រៀងប្រចាំក្នុងផលិតកម្ម សាន់ដេ គឺកញ្ញា ឃីន ស្រីនាថ ហៅអ៉ីវ៉ា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១កន្លងទៅ រហូតមកដល់ពេលនេះ គឺត្រូវបានស្រាវជ្រាវរកឃើញ និងធ្វើការឃាត់ខ្លួនសួរនាំហើយ ដោយស្រ្តីម្នាក់នោះមានអត្តចរិតមិនប្រក្រតី ហើយត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យសរសៃប្រសាទររួចរាល់ហើយ។

តារាចម្រៀង អ៉ីវ៉ា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃនេះថា តាមការពិតនាងពុំបានដឹងថា មានការឃាត់ខ្លួនសួរនាំលើស្រ្តីម្នាក់នោះឡើយ ព្រោះតាំងពីថ្ងៃកើតហេតុមក គឺនាងពុំបានចាប់អារម្មណ៍អ្វីទាំងអស់។ យ៉ាងណាមិញ អ៉ីវ៉ា ទម្លាយថា ប្រហែលជាក្រុមហ៊ុនសាន់ដេ ជាអ្នករៀបចំពាក្យបណ្ដឹង និងធ្វើការងារនេះជាមួយសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវរកអត្តសញ្ញាណស្ត្រីខាងលើ ទើបឈានដល់មានការឃាត់ខ្លួន និងបញ្ជូនទៅព្យាបាលបន្ត ព្រោះតែស្ត្រីម្នាក់នោះមានបញ្ហាខួរក្បាល។

អ៉ីវ៉ា និយាយថា «ច៎ាបង តាមពិតទៅការងារហ្នឹង គឺខាងក្រុមហ៊ុនជាអ្នករៀបចំ ប៉ុន្តែក្រោយមកខ្ញុំគិតថា ខ្ជិលព្រោះប្រហែលជាគាត់ (ស្រ្តីខាងលើ) មានបញ្ហាផ្លូវចិត្ត ហើយឥឡូវនេះឃើញគេរកឃើញ ខ្ញុំក៏ចេះតែខ្ជិលបន្តវែងឆ្ងាយណាស់បង! និយាយទៅខ្ញុំជាមនុស្សខ្ជិលវែលឆ្ងាយហ្នឹងណាបង..!»

ទោះបីជាយ៉ាណា តារាចម្រៀង អ៉ីវ៉ា ពុំបានបញ្ចេញអត្តសញ្ញាណស្ត្រីម្នាក់នោះ ឲ្យបានដឹងច្បាស់ថា មានឈ្មោះអ្វី មានអាសយដ្ឋានរស់នៅកន្លែងណា ឲ្យដឹងពិតប្រាកដនោះដែរ គ្រាន់តែដឹងថា ពេលសមត្ថកិច្ចរកឃើញ គឺស្រ្តីនោះមានបញ្ហាផ្នែកខួរក្បាល ដោយមានលិខិតបញ្ជាក់ចេញពីមន្ទីរពេទ្យ ហើយក៏ត្រូវបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរពេទ្យសរសៃប្រសាទទៀតផងដែរ។

សូមបញ្ជាក់ថា តារាចម្រៀងប្រចាំក្នុងផលិតកម្មសាន់ដេ គឺកញ្ញា ឃីន ស្រីនាថ ហៅអ៉ីវ៉ា បានរងនូវការជេរប្រទិចធ្ងន់ៗ រហូតដល់ថ្នាក់គំរាមប្រមាថ និងរាលដាលដល់តំណែងឪពុករបស់នាង គឺលោក អ៊ូវាំង ដែលត្រូវបានគេដឹងថា ជាមន្រ្តីយោធាផងនោះ ពីសំណាក់ស្រ្តីម្នាក់មិនបង្ហាញអត្តសញ្ញាណ ដែលត្រូវបានគេសង្ស័យថា អាចជាភរិយារបស់មន្រ្តីជាន់ខ្ពស់ណាម្នាក់ ហើយត្រូវបានតារាចម្រៀង អ៉ីវ៉ា បញ្ចេញវីដេអូជេរប្រមាថនេះ ជាសាធារណៈនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់នាង ដើម្បីឲ្យមហាជន និងអ្នកគាំទ្រនាងបានដឹង។

នៅក្នុងវីដេអូ មានរយៈពេលប្រមាណជាង៣នាទី ដែលតារាចម្រៀង អ៉ីវ៉ា បានបញ្ចេញតាមរយៈសំឡេងទូរស័ព្ទ ស្រ្តីម្នាក់ខាងលើខលមករូបនាង គឺមិនបានបង្ហាញអត្តសញ្ញាណឲ្យបានដឹងឡើយ ទោះបីជាតារាចម្រៀង អ៉ីវ៉ា ព្យាយាមសួរបញ្ជាក់ជាច្រើនដងក្ដី ពោលគឺគ្រាន់តែប្រាប់គណនីហ្វេសប៊ុកឈ្មោះថា «Ahjuly»។ ស្ត្រីខាងលើបានព្រមានតារាចម្រៀង អ៉ីវ៉ា និងបក្ខពួករបស់ខ្លួន កុំឲ្យមកជាប់ពាក់ព័ន្ធ និងរញ៉េរញ៉ៃបំផ្លាញកិត្តិយសថ្នាក់ដឹកនាំ ហើយឲ្យប្រាប់ដំណឹងនេះ ទៅដល់ប៉ារបស់ខ្លួនផងថា រូបគេ (ស្រ្តីខាងលើ) នឹងស្រាវជ្រាវរកទីតាំង ឬកន្លែងធ្វើការ ដើម្បីព្រមានដកស័ក្តិ ឪពុករបស់នាងចេញទៀតផង៕