(សៅប៉ូឡូ)៖ FIFA បានថ្លែងថា ខ្លួនមានការសោកស្តាយ ចំពោះហេតុការណ៍មិនល្អ រហូតឈានដល់ការពន្យារពេលនៃការប្រកួតជម្រុះ World Cup រវាងជម្រើសជាតិប្រេស៉ីល និងអាហ្សង់ទីន ដែលបណ្តាលឲ្យអ្នកគាំទ្ររាប់លាននាក់ លែងបានកម្សាន្តអារម្មណ៍ជាមួយការប្រកួតដែលត្រូវបានរំពឹងទុកថា គួរឲ្យជក់ចិត្តនោះ។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលដកស្រង់ការផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា «FIFA សោកស្តាយចំពោះរឿងហេតុរហូតដល់មានការផ្អាក ការប្រកួតរវាងប្រេស៉ីល និងអាហ្សង់ទីន ដែលរារាំងអ្នកគាំទ្ររាប់លាននាក់ មិនអាចរីករាយបានជាមួយការប្រកួតរវាងជើងខ្លាំងទាំងពីរនៅលើពិភពលោក»

បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ FIFA បានបន្ថែមថា «របាយការណ៍ផ្លូវការនៃការប្រកួតដំបូង ត្រូវបានផ្ញើមក។ ព័ត៌មាននេះនឹងត្រូវបានត្រួតពិនិត្យ ដោយសារស្ថាប័នវិន័យដែលមានសមត្ថកិច្ច ហើយការសម្រេចចិត្តនឹងធ្វើឡើង។ យើងសូមបញ្ជក់ថា ការបើកការស៉ើបអង្កេតបានចាប់ផ្តើម ចំពោះបទល្មើស ដែលអាចកើតមានដោយសារការផ្តល់ព័ត៌មានមិនពិត»

សូមជម្រាបថា ការប្រកួតរវាងក្រុមជម្រើសជាតិប្រេស៉ីល ទល់នឹងអាហ្សង់ទីន ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពេលចាប់ផ្តើមប្រកួតបាន ៥នាទី នៅពេលរកឃើញកីឡាករ ៣នាក់បានល្មើសនឹងបម្រាមបង្ការនឹង COVID-19។

មន្រ្តីសុខាភិបាលប្រេស៉ីល បានមកបង្អាក់ការប្រកួតដល់ទីលានតែម្តង នៅពេលការប្រកួតរវាងប្រេស៉ីល និងអាហ្សង់ទីនទើបដំណើរការបាន ៥នាទីដោយសាររកឃើញកីឡាករអាហ្សង់ទីន ៤នាក់មកពី Premier League បានល្មើសបម្រាមពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ១៩។

ពុំមានរបាយការណ៍បញ្ជាក់ពីកីឡាករទាំង ៤នាក់នោះទេ តែត្រូវបានគេដឹងថា Emiliano Buendia និង Emiliano Martinez មកពី Aston Villa និង Giovani lo Celso រួមទាំង Cristian Romero មកពីក្លិប Tottenham Hotspur ដែលសុទ្ធសឹងតែបានចូលលេងនៅកីឡដ្ឋាន ដែលស្ថិតក្នុងទីក្រុង Sao Paulo ដូចគ្នា៕