(ឡុងដ៍)៖ ប្រធានក្លិបបាល់ទាត់ Tottenham Hotspur លោក Daniel Levy ត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃសមាគមក្លិបបាល់ទាត់អឺរ៉ុប (ECA), នេះបើយោងតាម CNA ចេញផ្សាយនាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក Levy នឹងចូលរួមដោយនាយកប្រតិបត្តិក្លិប Inter Milan លោក Alessandro Antonello និងនាយកប្រតិបត្តិក្លិប Atletico Madrid លោក Miguel Angel Gil ជាសមាជិកថ្មី ក្នុងក្រុមប្រឹក្សាប្រតិបត្តិ នៃស្ថាប័ននេះ ដែលតំណាងឲ្យផលប្រយោជន៍ នៃក្លិបបាល់ទាត់អាជីព នៅទ្វីបអឺរ៉ុប។

លោក Levy និងនាយកប្រតិបត្តិក្លិប Manchester City លោក Ferran Soriano ធ្លាប់បានប្រកួតប្រជែងគ្នា ដើម្បីជំនួសតំណែងអនុប្រធានប្រតិបត្តិក្លិប Manchester United លោក Ed Woodward, ដែលបានលាលែងពីតំណែង កាលពីខែមេសា បន្ទាប់ពីបានចុះហត្ថលេខា ក្នុងការរំលាយលីគ European Super League។

ក្លិប Spurs, Atletico និងក្លិប Inter ស្ថិតក្នុងចំណោមក្លិបចំនួន៩ នៃក្លិបទាំង១២ ដែលត្រូវបានព្យួរពីសមាគម ECA ដោយសារចូលរួមជាមួយគម្រោងលីគ European Super League ប៉ុន្តែត្រូវបាន ដាក់ឲ្យដំណើរការឡើងវិញ កាលពីខែមុន បន្ទាប់ពីគម្រោងនេះ ត្រូវបានដួលរលំ បន្ទាប់ពីមានការរិះគន់ពីអ្នកគាំទ្រ និងអ្នកពាក់ព័ន្ធដទៃទៀត៕