(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថាបានផ្ញើលិខិតអញ្ជើញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឱ្យចូលរួមក្នុងព្រឹត្តិការណ៍មួយនា ថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ ដែលជាព្រឹត្តិការណ៍ប្រកាសបង្ហាញផលិតផលថ្មីប្រចាំឆ្នាំ ដោយក្នុងនោះត្រូវបានគេរំពឹងថា iPhone 13 ឬ iPhone ជំនាន់ថ្មីនឹងបង្ហាញវត្តមានផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍នាថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ក្រុមហ៊ុន Apple ទំនងនឹងប្រកាសបង្ហាញ Apple Watch និង AirPod ជំនាន់ថ្មី ព្រោះថា AirPod ត្រូវបានគេរាយការណ៍មក ថា Apple បានធ្វើការផ្លាស់ប្ដូររូបរាងថ្មីជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ខណ:ដែលវាត្រូវបានប្រកាសបង្ហាញជាលើកដំបូងកាលពីឆ្នាំ ២០១៩។

ជាទូទៅ ក្រុមហ៊ុន Apple បានជ្រើសរើសយកខែកញ្ញា សម្រាប់ប្រកាសបង្ហាញ iPhone ជំនាន់ថ្មី ជារៀងរាល់ឆ្នាំ ប៉ុន្តែកាលពី iPhone 12 បានជ្រើសរើសយកខែតុលាសម្រាប់ប្រកាសបង្ហាញវិញ។

គួរបញ្ជាក់ផងដែរថា នៅមុននេះផងដែរ មានព័ត៌មានចចាមអារ៉ាមបានលេចឭមកថា ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone ជំនាន់ថ្មីនៅថ្ងៃទី២៤ ខែកញ្ញា និងមានឈ្មោះថា iPhone 13 ជាពិសេសគឺអាចភ្ជាប់ជាមួយនឹងប្រព័ន្ធផ្ដាយរណបបានថែមទៀតផង៕