(កំពង់ឆ្នាំង)៖ «វត្តភ្នំព្រះធាតុ» នៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននៅតែជាទីពេញនិយម សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានជំនឿទៅបែបន់ និងទៅលាបំណន់ជារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ យ៉ាងច្រើនកុះករ ដោយមិនសំដៅតែថ្ងៃសីល៍ទាននោះទេ។ ក្រៅពីអ្នកមានជំនឿអរូបីយ៍ ក៏នៅមានភ្ញៀវទេសចរទៅលេងកម្សាន្តផងដែរ ធ្វើឲ្យវត្តមួយនេះមានមនុស្សរាប់ពាន់នាក់ជារៀងរាល់សប្តាហ៍ បើទោះស្ថិតក្នុងបរិបទកូវីដយ៉ាងណាក្តី។
វត្តព្រះធាតុ មានទីតាំងស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានចំងាយជាង ៣០គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកផ្សារត្រាចក្នុងស្រុកកំពង់ត្រឡាច។ អនុប្រធានគណៈកម្មការវត្តភ្នំព្រះធាតុ លោកតា ប៊ុន សារិទ្ឋ ហៅតាសម្បត្តិ បានប្រាប់ឲ្យដឹងថា វត្តភ្នំព្រះធាតុនេះរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ តែងមានមនុស្សរមកបែបន់ មកលាបំណន់ និងមកលេងកម្សាន្តយ៉ាងច្រើនកុះករ គឺរាប់ពាន់នាក់ បើរថយន្តវិញ គឺរាប់រយគ្រឿងឯណោះ បើទោះបច្ចុប្បន្នស្ថិតក្នុងសម័យកូវីដយ៉ាងណាក្តី។
គណៈកម្មការនៅទីនេះរៀបចំទទួលភ្ញៀវពុំបានដិតដល់ និងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ដោយសារតែភ្ញៀវមកច្រើនពេក ម្លោះហើយមានតែប្រឹងស្រែកតាមឧឃោសនស័ព្ទ ឱ្យបងប្អូនរក្សាគម្លាត និងឱ្យបងប្អូនពាក់ម៉ាស បាញ់អាកុល ដើម្បីការពារជំងឺកូវីដ-១៩។
អ្នកមកពីនេះភាគច្រើនមកពីទីឆ្ងាយៗ គឺមកបែបន់ ដោយពួកគាត់យល់ថាវត្តភ្នំប្រធាតុ គឺជាវត្តុមួយ ស័ក្តិ សិទ្ធិណាស់ «បន់អីបានហ្នឹង»! អ្នកខ្លះមកបន់រកស៉ីមានបាន ខ្លះមកបន់សុំកូន ខ្លះមកបន់សុំលក់ដីដាច់ និងខ្លះទៀតមកបន់សុំឱ្យអ្នកជំពាក់លុយសងជាដើម ហើយអ្នកដែលបន់ទាំង នោះទទួលបានផល និងតែងតែមកលាបំណន់វិញផងដែរ គឺមកជារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ជាថ្ងៃឈប់សម្រាក។
ដោយឡែកសម្រាប់ថៃ្ងសីល៍វិញ ពុំសូវមានមនុស្សប៉ុន្មាននោះទេ គឺមានតែពុទ្ធបរិស័ទចំណុះជើងវត្តក្បែរៗនេះតែប៉ុណ្ណោះ។ ក្រៅពីអ្នកមកបែរបន់ និងមកលាបំណន់ សុំសុខ សប្បាយ ក៏នៅមានអ្នកមកលេងកម្សាន្តជាច្រើនផងដែរ ដោយពួកគាត់បានឡើងទៅលើកំពូលភ្នំព្រះធាតុ ទស្សនាពីលើភ្នំ ទៅតាមវាលស្រែជនបទ ខ្លះទៀតទៅមើលទីកន្លែងប្រវត្តិសាស្ត្រ និងទស្សនាព្រះបដិមាករ បន្សល់ពីសម័យដើម ព្រោះភ្នំព្រះធាតុនេះគឺជាកន្លែងប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុកស្លាកស្នាមដល់សព្វថ្ងៃ។
នៅក្នុងបរិវេណវត្តភ្នំព្រះធាតុ គេសង្កេតឃើញមានក្រុមអ្នកដូរលុយរាយ អ្នកលក់ទៀនធូប លក់សត្វចាបរស់ សម្រាប់លក់ឲ្យអ្នកទិញយកទៅលែងផងសុំសេចក្តីសុខ និងមានអ្នកលក់បាច់ផ្កាជាច្រើនហូរហែផងដែរ។ ក្រៅពីនោះ នៅមានអ្នកលក់ចំណីអាហារ និងភេសជ្ជៈ ដែលអាចបញ្ជាក់បានថាអ្នកនៅទីនេះ យល់ពីស្ថានភាពមានភ្ញៀវមកច្រើននៅថ្ងៃចុងសប្តាហ៍ ក៏បានឆ្លៀតប្រកបមុខរបរលក់ដូរដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិត។
សូមរំលឹកដែរថា វត្តភ្នំព្រះធាតុ គឺជាវត្តមួយដែលពាក់ព័ន្ធនឹងប្រវត្តិសាសន៍ នៃពុទ្ឋសាសនា ដ៏យូរលង់ណាស់មកហើយ ដោយមានរឿងនិទានដំណាលថា ទីតាំងវត្តភ្នំព្រះ ធាតុនេះកើតតាំងពីសម័យបុរាណកាលមកម្លេះ ព្រោះនៅលើភ្នំនេះបានបន្សល់ទុកគ្រឹះប្រាសាទបុរាណមួយចំនួន ដែលអាចបញ្ជាក់ថា ទីតាំងភ្នំនេះបានកើតមុនសម័យអង្គរ ៤-៥០០ឆ្នាំ គឺតាំងពីសម័យគោកធ្លកមកម្លេះ។
កាលសម័យនោះ គ្មានការគោរពព្រះពុទ្ឋសាសនាទេ។ នៅពេលដែលព្រះបាទកោណ្ឌញ (កោដាញ់) និងព្រះនាង លីវយី យាងមកគ្រប់គ្រងដែនដី ព្រះអង្គបានចាត់អោយនិមន្តភិក្ខុ២ អង្គ គឺភិក្ខុ សោនរៈថេ និងភិក្ខុ ឧតរៈថេ ពីប្រទេសឥណ្ឌា ដើម្បីឱ្យមកផ្សព្វផ្សាយសាសនាព្រះពុទ្ឋ មុនគេបង្អស់នៅជ្រោយឥណ្ឌូចិន ហើយកាលណោះភិក្ខុទាំង២អង្គ បាននិមន្តតាមសំពៅមកចាប់ទីស្នាក់នៅដើម្បីផ្សព្វផ្សាយធម៌ ព្រះពុទ្ឋមុនគេ គឺលើភ្នំព្រះធាតុនេះឯង។
កាលពីជំនាន់នោះ ស្រុកយើងមានផ្ទៃទឹកធំល្វឹងល្វើយ មិនសូវមានដីទេ ដោយហេតុនេះហើយទើបនៅលើភ្នំនេះ មានបន្សល់ទុកស្លាកស្នាម និងឈ្មោះខ្លះពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ដូចជាឈ្មោះគោកសំពៅ, ដានជើងតាព្រេង, ល្អាងអ៊ុកគូថ និងហាត់ចំបាប់ជាដើម៕