(បរទេស)៖ រឿង «Shang-Chi and the Legend of the Ten Right» ដែលជាភាពយន្តវីរៈបុរសអាស៊ីដំបូង ក្នុងចក្រវាឡ Marvel ត្រូវបានរាយការណ៍មកថា អាចរកចំណូលបានរហូតដល់ ៧១,៤លានដុល្លារអាមេរិក ពីការចាក់បញ្ចាំង បើកឆាកសប្ដាហ៍ដំបូងនៅសហរដ្ឋអាមេរិក។ ប្រការនេះ បានធ្វើឲ្យរឿង «Shang-Chi» ក្លាយជាភាពយន្តរកចំណូលបានច្រើនលំដាប់ទី២ ក្នុងការចាក់បញ្ចាំងបើកឆាក បន្ទាប់ពីភាពយន្ត «Black Widow» ដែលអាចរកប្រាក់ចំណូលបាន ៨០,៣លានដុល្លារនៅសប្ដាហ៍ដំបូង។

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yahoo នាពេលថ្មីៗនេះបានឲ្យដឹងថា តាមរយៈការលក់សំបុត្រចូលទស្សនាក្នុងរោងកុនផ្ទាល់ រឿង «Shang-Chi» គឺទទួលបានចំណូល ៧១.៤លានដុល្លារអាមេរិក ក្នុងការចាក់បញ្ចាំងបើកឆាក សប្តាហ៍ដំបូង នៅសហរដ្ឋអាមេរិក ហើយបើសរុបចំណូលទូទាំងពិភពលោក គឺទទួលបានចំណូលជាង ១៤៦លានដុល្លារ គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

ដោយសារការទទួលបានប្រាក់ចំណូល ពីការចាក់បញ្ចាំងដំបូងបានច្រើន គឺធ្វើឲ្យភាពយន្តវីរៈបុរសអាស៊ីដំបូង ក្នុងចក្រវាឡ Marvel «Shang-Chi» ក្លាយជាភាពយន្តដែលរកចំណូលបានច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីរឿង «Black Widow» ដែលរកចំណូលបាន ៨០.៣លានដុល្លារអាមេរិក ក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ។

គួរជម្រាបថា រឿង «Shang-Chi» ជាភាពយន្តដំបូងនៃចក្រវាឡ Marvel ដែលត្រូវបានចាក់បញ្ចាំងផ្តាច់មុខក្នុងរោងកុន បន្ទាប់ពីរឿង «Spider-Man: Far From Home» ដែលបានចាក់បញ្ចាំងកាលពីខែកក្កដា ឆ្នាំ២០១៩៕