(ភ្នំពេញ)៖ អ្នកចាំទីជម្រើសជាតិកម្ពុជា ហ៊ុល គឹមហ៊ុយ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា (១២+១) ឆ្នាំ២០២១ ដោយជោគជ័យ ។ ប៉ុន្ដែទោះសម្រេចក្ដីស្រម៉ៃក្លាយជាគ្រូក្របខ័ណ្ឌ ក៏សមាជិកក្រុមនាគខៀវបឹងកេតនេះ អះអាងថា មិនបោះបង់អាជីពបាល់ទាត់ដែរ ដោយរូបគេបានដាក់គោលដៅនឹងបន្ដអាជីពបាល់ទាត់ រហូតលេងលែងកើត ទើបខ្លួនព្យួរស្រោមដៃ ។
កីឡាករមានដើមកំណើតពីខេត្តតាកែវខាងលើ បានបញ្ជាក់ថា «ខ្ញុំពិតជាសប្បាយចិត្ត ដោយសារវាជាគោលដៅមួយ ដែលខ្ញុំ ក៏ដូចជាគ្រួសារចង់បាន ហើយយើងអាចសម្រេចវាបាន ។ ចឹងពួកខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន ។ ខ្ញុំនឹងធ្វើការផង ហើយហាត់បាល់ផង ដោយសារវាអត់មានប៉ះពាល់អ្វីទេ ខ្ញុំនឹងបែងចែកពេលវេលាឲ្យច្បាស់លាស់ ។ សម្រាប់ការងារបាល់ទាត់ ខ្ញុំគិតថា ខ្ញុំនឹងលេងរហូតដល់ខ្ញុំលេងលែងកើត បន្ទាប់ពីលេងលែងកើត បានខ្ញុំផ្ដោតលើការងារក្របខណ្ឌវិញ» ។
ម្ចាស់ស្រោមដៃមាសលីគកំពូលកម្ពុជា ឆ្នាំ២០២០ ដដែលបន្ដថា ក្រោយទទួលបានជោគជ័យក្នុងប្រឡងចេញកាលពីថ្មីៗ ខ្លួនបានស្នើផ្លាស់ប្ដូរកន្លែងការងារពីខេត្តតាកែវ មករាជធានីភ្នំពេញវិញ ប៉ុន្ដែមិនទាន់ដឹងសាលាណានោះទេ ។ តែយ៉ាងណាមិញ គឹមហ៊ុយ ប្រហែលត្រូវទទួលបានប្រាក់បៀវត្ស នាខែតុលាខាងមុខ ។
សូមបញ្ជាក់ថា ហ៊ុល គឹមហ៊ុយ បានប្រឡងជាប់ចូលរៀនវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា (១២+១) កាលពីឆ្នាំ២០១៩ ពោលគឺក្រោយចាកចេញពីសាលាបាល់ទាត់ជាតិបាទី មកកាន់ក្លិបបឹងកេត ហើយគេក៏បានឆ្លៀតពេលពីការងារបាល់ទាត់ មកផ្ដោតលើការសិក្សា រហូតប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូក្របខ័ណ្ឌដោយជោគជ័យ ៕