(ណៃរ៉ូប៊ី)៖ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោកស្រី Fatma Samoura នឹងធ្វើដំណើរទស្សនៈកិច្ច ទៅកាន់ប្រទេសកេនយ៉ា ក្នុងសប្តាហ៍នេះ ដើម្បីជជែកគ្នា ជាមួយនឹងអ្នកដឹកនាំវិស័យបាល់ទាត់, នេះបើតាមការបញ្ជាក់ ពីសហព័ន្ធបាល់ទាត់កេនយ៉ា The Football Kenya Federation (FKF) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

FKF បានលើកឡើងថា លោកស្រី Samoura នឹងចំណាយពេល២ថ្ងៃ ទស្សនៈកិច្ចនៅកេនយ៉ា ហើយនឹងចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃវគ្គជម្រុះ World Cup ប្រចាំតំបន់អាហ្វ្រិកខាងកើត និងកណ្តាល ដើម្បីអបអរសាទរការបើកសម្ពោធលីគផ្នែកនារី Women's Champions League របស់សហព័ន្ធបាល់ទាត់អាហ្វ្រិក នៅរដ្ឋធានី Nairobi នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

«យើងស្វាគមន៍អគ្គលេខាធិការ FIFA មកកាន់កេនយ៉ា។ យើងកំពុងទន្ទឹងរង់ចាំ ដើម្បីស្វាគមន៍លោកស្រី និងការចូលរួមចំណែករបស់លោកស្រី ស្តីពីការអភិវឌ្ឍវិស័យកីឡា នៅក្នុងប្រទេសកេនយ៉ា», នេះបើតាមសម្តីប្រធានសហព័ន្ធបាល់ទាត់កេនយ៉ា លោក Nick Mwendwa បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។

គួរបញ្ជាក់ថា នេះនឹងក្លាយជាដំណើរទស្សនៈកិច្ចលើកដំបូង របស់លោកស្រី Samoura ទៅកាន់កេនយ៉ា ចាប់តាំងពីការតែងតាំងលោកស្រី ជាអគ្គលេខាធិការ FIFA ក្នុងឆ្នាំ២០១៦។

មានដើមកំណើតនៅប្រទេសសេណេហ្កាល់, លោកស្រី Samoura គឺជាស្ត្រីដំបូង និងជនជាតិអាហ្វ្រិកដំបូង ដែលបានកាន់តំណែងជាអគ្គលេខាធិការ FIFA៕