(ឡុងដ៍)៖ ក្លិបបាល់ទាត់ Liverpool បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ ជាមួយនឹងអាជ្ញាធរ ដើម្បីនាំយកកីឡាករខ្សែបម្រើ Naby Keita ត្រឡប់មកវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីមានរដ្ឋប្រហារយោធាមួយ បានកើតឡើងនៅក្នុងប្រទេសហ្គីណេ ដែលជាប្រទេសកំណើតរបស់លោក, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។
កីឡាករវ័យ២៦ឆ្នាំរូបនេះ ត្រូវបានស្នើសុំឲ្យចូលរួមជាមួយក្រុមជម្រើសជាតិហ្គីណេ សម្រាប់ការប្រកួតវគ្គជម្រុះ World Cup តទល់នឹងក្រុមម៉ារ៉ុក នៅរដ្ឋធានី Conakry នៅពេលដែលការប្រកួត ត្រូវបានបញ្ឈប់ បន្ទាប់ពីក្រុមទាហាន បានរាយការណ៍ថា បានបណ្តេញលោកប្រធានាធិបតី Alpha Conde ហើយក្រោយមកបានរំលាយរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ។
«យើងបាននឹងកំពុងទំនាក់ទំនង ជាមួយនឹងកីឡាករ Naby ហើយមានទំនាក់ទំនងទៀងទាត់ តាមរយៈការគ្រប់គ្រងក្រុមជម្រើសជាតិរបស់គាត់», នេះបើតាមក្លិប Liverpool បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
«យើងរីករាយ ដែលគាត់មានសុវត្ថិភាព និងទទួលបានការមើលថែយ៉ាងល្អ។ ជាក់ស្តែងស្ថានភាពមានសភាពធូរស្រាល ហើយយើងនឹងរក្សាការទំនាក់ទំនងជាប្រចាំ ជាមួយអាជ្ញាធរពាក់ព័ន្ធ នៅពេលដែលយើងធ្វើការ ដើម្បីនាំ Naby ត្រលប់មក Liverpool វិញទាន់ពេលវេលា និងមានសុវត្ថិភាព»។
ស្របពេលដែលព្រំដែនប្រទេស ត្រូវបានគេរាយការណ៍ថាបានបិទនោះ, ក្រុមជម្រើសជាតិម៉ារ៉ុក ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរត្រឡប់ទៅប្រទេសខ្លួនវិញ ដោយសុវត្ថិភាព កាលពីយប់ថ្ងៃអាទិត្យ។
គួរជម្រាបថា Keita បានចាប់ផ្តើមការប្រកួតបើកឆាកលីគចំនួន២លើក ឲ្យក្លិប Liverpool និងជាកីឡាករបម្រុង ក្នុងការប្រកួតស្មើ១-១ ទល់នឹងក្រុម Chelsea។ ក្លិប Liverpool នឹងត្រូវជួបក្លិប Leeds United នៅថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីការសម្រាកអន្តរជាតិ៕