(ភ្នំពេញ)៖ ផ្សារទំនើបដ៏ធំស្គឹមស្គៃ ជីប ម៉ុង មេហ្គា ម៉ល ២៧១ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់គ្រឿងបរិក្ខារល្អតាមបែបស្តង់ដារអន្តរជាតិ ដែលនឹងផ្តល់នូវគុណភាពសំណង់ដ៏រឹងមាំ សុវត្ថិភាពខ្ពស់ និងភាពងាយស្រួលជូនដល់ដៃគូពាណិជ្ជកម្ម និងអតិថិជន។ នេះបើតាមការឲ្យដឹងពី លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។
ផ្សារទំនើបខ្នាតយក្សមួយនេះ ជាគម្រោងវិនិយោគដ៏ធំមួយលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៥ហិកតា ដែលមានទីតាំងសម្រាប់ជួលរហូតដល់ទៅ ២៥០ និងមានទីធ្លាយ៉ាងធំទូលាយសម្រាប់បង្កើតកម្មវិធីកម្សាន្តដ៏សម្បូរបែប។ បច្ចុប្បន្ន ផ្សារទំនើបតម្លៃរាប់លានដុល្លារមួយនេះកំពុងដំណើរការសាងសង់យ៉ាងសកម្មត្រៀមដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខនេះ។
លោក Arnaud Dufresne មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលផ្តល់តម្លៃខ្ពស់ទៅលើគុណភាពសំណង់ សុវត្ថិភាព និងភាពងាយស្រួលដល់ដៃគូពាណិជ្ជកម្ម និងអតិថិជន ដូច្នេះហើយយើងបានសម្រិតសម្រាំងយកគ្រឿងបរិក្ខារ ដែលល្អបំផុតតាមបែបស្តង់ដារអន្តរជាតិ សម្រាប់ផ្សារទំនើបរបស់យើង បើទោះបីជាយើងត្រូវចំណាយច្រើនក្តី»។
តាមការបញ្ជាក់របស់លោក Arnaud Dufresne ក្រុមហ៊ុនបានជ្រើសរើសប្រព័ន្ធបរិក្ខារ MEP (មេកានិក អគ្គីសនី និងទុយោទឹក) ល្អប្លែកដើម្បីយកមកបំពាក់នៅក្នុងផ្សារទំនើប ។ការបំពាក់ប្រព័ន្ធបរិក្ខារទាំងនោះរួមមាន ការបំពាក់ទុយោដែកឬ CAST IRON ក្នុងប្រព័ន្ធទុយោទឹកដំបូងគេបង្អស់នៅកម្ពុជា មានតម្លៃខ្ពស់ជាងទុយោ PVC ដែលប្រើប្រាស់នៅតាមបណ្តាផ្សារទំនើបនានារហូតដល់ ៤ដង។ CAST IRON មានអាយុកាលប្រើប្រាស់លើសពី៥០ឆ្នាំ ធន់ទៅនឹងសីតុណ្ហភាព មានប្រតិកម្មគីមីទាបជាមួយនឹងមជ្ឈដ្ឋានជុំវិញ។
ក្នុងនោះដែរ ក្រុមហ៊ុនក៏បានជ្រើសរើសបំពង់បង្ហូរទឹកភ្លៀងប្រភេទស័ង្កសីឬ Galvanized Pipe និងបរិក្ខារអគ្គីសនីជាប្រភេទបំពង់ដែកឬ Metallic Conduits មានអាយុកាលប្រើប្រាស់យូរ ទប់ទល់នឹងសំលេងរំខានបានល្អ ធន់នឹងកម្ដៅភ្លើង ខណៈផ្សារទំនើបទូទៅប្រើប្រាស់បំពង់ PVC។
ជាងនេះទៅទៀត រចនាបថផ្នែកខាងមុខរបស់ផ្សារ គឺបញ្ចូលក្បូរក្បាច់រចនាល្អប្លែក ដែលមានទំហំប្រមាណជា ១៥,២៨៨ ម៉ែត្រការ៉េ ដែលជាការរចនាធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បនះ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានជ្រើសរើសក្រុមវិស្វករ និងស្ថាបត្យករល្អៗទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីធានាគុណភាពដ៏រឹងមាំ និងការអនុវត្តន៍ល្អបំផុតស្របទៅតាមស្តង់ដារខ្ពស់។
ក្រៅពីនេះ ផ្សារទំនើបមួយនេះប្រើប្រាស់គ្រឿងបរិក្ខារសុទ្ធតែជាផលិតផលម៉ាកល្បីៗមានគុណភាពខ្ពស់ មានដូចជា ម៉ាស៊ីនត្រជាក់ម៉ាក DAIKIN របស់ប្រទេសម៉ាឡេស៊ី ម៉ាស៊ីនភ្លើងម៉ាក KOHLER របស់សិង្ហបុរី ប្រព័ន្ធរោទិ៍អគ្គីភ័យម៉ាក Notifier របស់អាមេរិក ប្រព័ន្ធគ្រប់គ្រងការសាងសង់ម៉ាក Siemens របស់អាល្លឺម៉ង់ និងគ្រឿងបរិក្ខារម៉ាកអន្តរជាតិជាច្រើនទៀត៕