(បរទេស)៖ វគ្គជម្រុះ World Cup ឆ្នាំ២០២២ រវាងប្រទេសម៉ារ៉ុក និងម្ចាស់ផ្ទះហ្គីណេ ត្រូវបានពន្យារពេល ខណៈក្រុមជម្រើសជាតិម៉ារ៉ុក ត្រូវបានជម្លៀសចេញពីប្រទេសដោយសារមានរដ្ឋប្រហារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Foxsport នៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។
មន្ត្រីនៃក្រុមជម្រើសជាតិម៉ារ៉ុកបានឲ្យដឹងថា សមាជិកក្រុមរបស់ខ្លួនមានសុវត្ថិភាពគ្រប់ៗគ្នា និងត្រូវបានជម្លៀសចេញពីប្រទេសហ្គីណេនៅយប់ថ្ងៃអាទិត្យ បន្ទាប់ពីមានហេតុការណ៍រដ្ឋប្រហារ នៅប្រទេសអាហ្វ្រិកភាគខាងលិចកើតឡើង។
«ចំពោះការប្រកួតតទល់ក្រុមជម្រើសជាតិហ្គីណេ ត្រូវចំនៅថ្ងៃចន្ទ សម្រាប់វគ្គជម្រុះ World Cup 2022 នឹងមិនកើតឡើងឡើយ បន្ទាប់ពីក្រុមជម្រើសជាតិម៉ារ៉ុក បានសម្រេចចាកចេញពីប្រទេសនេះ»។ នេះបើតាមលោក Mohamed Makrouf ប្រធានសហភាពកីឡាបាល់ទាត់ម៉ារ៉ុក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ FIFA បានបញ្ជាក់ថា ការប្រកួតនោះត្រូវបានពន្យារពេល ដើម្បីធានាសុវត្ថិភាព និងសន្តិសុខគ្រប់កីឡាករទាំងអស់ និងដើម្បីការពារមន្ត្រីរៀបចំការប្រកួតទាំងអស់ផងដែរ។
សូមជម្រាបថា កងកម្លាំងយោធាពិសេសនៅក្នុងប្រទេសហ្គីណេ បានធ្វើរដ្ឋប្រហារដណ្ដើមអំណាច នៅថ្ងៃអាទិត្យ ដោយចាប់ខ្លួនប្រធានាធិបតី និងបានដាក់បម្រាមគោចរគ្មានពេលវេលាកំណត់ទៀតផង នៅក្នុងប្រទេសអាហ្វ្រិកខាងលិចដ៏ក្រីក្រមួយនេះ៕