(ភ្នំពេញ)៖ អ្នកគាំទ្រតារា K-POP ក្នុងប្រទេសចិន ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបណ្តាញសង្គមយក្សរបស់ចិន គឺ Weibo ប្រកាសសម្រេចលុបចោលគណនីអ្នកគាំទ្រតារា K-POP (Fanclub accounts) ចំនួន២១ ពីបណ្តាញសង្គមរបស់ខ្លួន ដោយសារតែហេតុផលថា យុវជនដែលជាអ្នកគាំទ្រតារាល្បី K-POP មួយចំនួន បានចំណាយប្រាក់ឥតប្រយោជន៍ច្រើនពេក និងខ្លះទៀតបង្កើតមាតិកាមិនសមហេតុផល ដែលនាំឲ្យមានកំហុសឆ្គងធ្ងន់ធ្ងរជាដើម។
ក្រុមហ៊ុន Weibo បានប្រកាសឲ្យដឹងកាលពីថ្ងៃទី០៥ ខែកញ្ញាថា ក្រុមហ៊ុនបានរៀបចំការគ្រប់គ្រងបណ្តាញសង្គមរបស់ខ្លួនឡើងវិញ ដើម្បីធ្វើឲ្យមានភាពប្រសើរឡើងជាសាធរណៈ។ បន្ថែមពីនេះ គណនីអ្នកគាំទ្ររបស់តារា K-POP ខ្លះ បានបង្កើតមាតិកាមិនសមហេតុផល នៅលើបណ្តាញសង្គម Weibo ដែលនាំឲ្យមានកំហុសឆ្គងកើតឡើង (ការបង្តើតមាតិការ ដើម្បីរៃអង្គាស៍ប្រាក់ យកទៅធ្វើរឿងមិនចាំបាច់) ដូច្នេះក្រុមហ៊ុន Weibo សម្រេចថា នឹងបិទគណនីទាំងនោះ សរុបចំនួន២១គណនី រយៈពេល៣០ថ្ងៃ ដើម្បីធ្វើការរៀបចំកែតម្រូវឡើងវិញ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី០៥ គណនី Fanclub របស់ Jimin សមាជិក BTS ត្រូវបានក្រុមហ៊ុន Weibo លុបចោល ដែលការលុបចោលនេះ គឺបានធ្វើឡើងបន្ទាប់ពីអ្នកគាំទ្រ Jimin សមាជិក BTS នៅប្រទេសចិន បានបង្កើតការរៃអង្គាស៍ប្រាក់ សម្រាប់ថ្ងៃខួបកំណើតរបស់ Jimin ក្នុងរយៈពេល១ម៉ោង គឺបានរហូតដល់ទៅ ២.៣ លានយ័ន (ជិត២ពាន់ដុល្លារអាមេរិក)។ ក្រៅពីនេះ នៅមានគណនីអ្នកគាំទ្រតារា K-POP ជាច្រើនទៀត ត្រូវបានលុបចោលជាបន្តបន្ទាប់។
គួរជម្រាបថា នេះជាលើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រ ដែលបណ្តាញសង្គមយក្សរបស់ចិន Weibo បានយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងសកម្មភាពរបស់អ្នកប្រើប្រាស់ ជាពិសេសសម្រាប់គណនីរបស់អ្នកគាំទ្រតារាបរទេស៕