(ភ្នំពេញ)៖ ក្រុមសិល្បករ ៣ប្រទេសរួមមានកម្ពុជា ឥណ្ឌូនេស៊ី និងជប៉ុន បានរួមគ្នាសម្ដែងរឿង «ព្រះនាងកេសាវែង» ដែលជារឿងនិទានប្រជាប្រិយមួយដ៏ល្បីល្បាញនៅតំបន់សានរីគូនៃប្រទេសជប៉ុន។ ទស្សនីយភាពសម្ដែងដ៏កម្រនៅលើឆាកក្រោមទម្រង់ការសម្ដែងរបាំ និងប្រគំតន្ដ្រីនេះ រៀបចំដោយមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន និងគណៈកម្មាធិការលើកកម្ពស់សិល្បៈអន្ដរជាតិសានរីគូ ដោយគ្រោងនឹងធ្វើការចាក់បញ្ចាំងតាមអនឡាញ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ចុងសប្ដាហ៍នេះ។

ចំពោះក្រុមសិល្បករដែលបានចូលរួមសម្ដែងរឿងនិទានប្រជាប្រិយខាងលើរួមមានក្រុមសិល្បករកម្ពុជា SilverBell Dance Group of Performing Artists, ក្រុមសិល្បករឥណ្ឌូនេស៊ី Omah Gamelan និងក្រុមសិល្បករជប៉ុនចំនួន ៣ក្រុម គឺមានក្រុម Juichinichimachi Enburi-gumi, ក្រុម Nakano Nanazumai និងសមាគម Otsuchi Toramai ដោយការសម្ដែង និងការត្រៀមចាក់បញ្ចាំងរឿងនេះ នឹងធ្វើឡើងក្រោមប្រធានបទ «ខ្លុយឫស្សី» ដែលជាឧបករណ៍ភ្លេងមិនអាចខ្វះបានសម្រាប់សិល្បៈសម្តែងប្រជាប្រិយនៅអាស៊ី។

កាលពីឆ្នាំកន្លងមក ក្រុមសិល្បករបណ្ដាប្រទេសនានានៅអាស៊ី តែងធ្វើដំណើរទៅជប៉ុន ដើម្បីចូលរួមសម្ដែងដោយផ្ទាល់។ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ឆ្នាំនេះត្រូវបានសម្រេច និងសាកល្បងរៀបចំការសម្ដែងតាមអនឡាញវិញ ដោយមានការថតទុកជាមុន និងយកសមិទ្ធផលដែលសម្រេចមកចាក់ផ្សាយតាមអនឡាញ ក្រោមកិច្ចសហការយ៉ាងល្អរវាងក្រុមសិល្បករកម្ពុជា ឥណ្ឌូនេស៊ី និងជប៉ុន ពិសេសក្នុងការចូលរួមបង្កើតស្នាដៃជាគម្រោងមួយឈ្មោះថា «ហ្វូអិ លេប-Fue Lab» ដែលត្រូវបានចាប់ផ្ដើមតាំងពីខែឧសភា ឆ្នាំ២០២១ មកម្ល៉េះ។

ស្នាដៃដែលបានចូលរួមសហការដោយក្រុមសិល្បករទាំង ៥ក្រុមខាងលើនឹងត្រូវចាក់ផ្សាយនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នាវេលាម៉ោង ១១៖៣០នាទីព្រឹក (ម៉ោងនៅកម្ពុជា) ដោយអនុញ្ញាតឲ្យមហាជនចូលទស្សនាដោយសេរី (ឥតគិតថ្លៃ) តាមរយៈអនឡាញជាមួយតំណភ្ជាប់ https://sanfes.com/fuelab/។ អ្វីដែលពិសេសបន្ទាប់ពីការចាក់ផ្សាយរួច មហាជនគឺអាចចូលទស្សនាបានគ្រប់ពេលផងដែរ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនបានសហការជាមួយមហោស្រពសិល្បៈអន្តរជាតិសាន់រីគូ តាំងពីឆ្នាំ២០១៥ ដើម្បីផ្លាស់ប្តូរសិល្បៈសម្តែងប្រជាប្រិយជាមួយបណ្តាប្រទេសនានានៅទ្វីបអាស៊ី ពិសេសផ្តោតលើបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅនឹងតំបន់សាន់រីគូរបស់ប្រទេសជប៉ុន ដែលបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះរញ្ជួយដីនៅប៉ែកខាងកើតប្រទេសជប៉ុន កាលពីឆ្នាំ២០១១។ តាមរយៈការផ្លាស់ប្តូរបទពិសោធជាមួយក្រុមសិល្បករបណ្តាប្រទេសនៃទី្វបអាស៊ី ដូចជាការចូលរួមបង្កើតគម្រោង និងស្នាដៃនានាជាច្រើន ក្នុងគោលបំណងជំរុញការច្នៃប្រឌិត ក៏ដូចជាការប្រមូលផ្តុំនូវរបកគំហើញថ្មីៗក្នុងចំណោមក្រុមសិល្បករបណ្ដាប្រទេសនានា និងឈានទៅរកការផ្លាស់ប្តូរបទពិសោធ និងទំនាក់ទំនងនាពេលអនាគត៕