(ភ្នំពេញ)៖ ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមបឹងកេត នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ ក្នុងជំនួបបង្គ្រប់សប្ដាហ៍ទី១២ នៃលីគកំពូលកម្ពុជា បន្ទាប់ពីការប្រកួតរវាងក្រុមទាំងពីរ ត្រូវបានពន្យារពេលកាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយរកឃើញកីឡាករបឹងកេត ២រូប សង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ក្រោយធ្វើតេស្ដលើកទី១។

តាមការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ការអនុញ្ញាតឲ្យដំណើរការប្រកួតរវាងក្រុមទាំងពីរ បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដ PCR លើកទី២ ដោយកីឡាករទាំង ២រូប ដែលសង្ស័យមានវិជ្ជមាន និងកីឡាករបឹងកេតផ្សេងទៀត បានទទួលលទ្ធផលអវិជ្ជមាន ។ ដូច្នេះពួកគេនឹងអាចចូលរួមការប្រកួតនារសៀលនេះជាធម្មតា។

យោងតាម CNCC បានឲ្យដឹងថា «ក្រោយកីឡាករ ២នាក់បានធ្វើតេស្ត PCR រកវីរុសកូវីដ-១៩ បញ្ជាក់ ហើយកីឡាករ មន្រ្តីក្លិបបឹងកេតដ៏ទៃទៀត ក៏បានតេស្តរហ័សជាលើកទី២ តាមនីតិវិធីសុវត្ថិភាពកំណត់លទ្ធផលទាំងអស់គឺអវិជ្ជមាន។ ដូច្នេះកីឡាករត្រូវបានអនុញ្ញាតចូលរួមប្រកួតតាមធម្មតា និងការប្រកួតរវាង ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា និង ក្លិបបាល់ទាត់បឹងកេត នឹងប្រព្រឹត្តិនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០រសៀល»

គួរដឹងថា ដំបូងឡើងការប្រកួតរវាងក្រុមទាំងពីរខាងលើ ត្រូវធ្វើឡើងកាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ប៉ុន្ដែក្រោយឆ្លងកាត់ការធ្វើតេស្ដលើកទី១ មុនការប្រកួត កាលពីថ្ងៃទី០២-កញ្ញា មានកីឡាករបឹងកេត ២រូប បានរកឃើញសង្ស័យមានផ្ទុកកូវីដ-១៩ CNCC ក៏សម្រេចពន្យារពេលការប្រកួតជាបណ្ដោះអាសន្ន ដោយរង់ចាំការធ្វើតេស្ដ PCR រហូតទទួលបានលទ្ធផលអវិជ្ជមាន និងជូនដំណឹងឲ្យដំណើរការប្រកួតវិញ នៅរសៀលថ្ងៃច័ន្ទនេះ៕