(ភ្នំពេញ)៖ បើទោះបីជាមានបញ្ហាប្រឈម ពីជំងឺកូវីដ-១៩ក្តី ធនាគារ ជីបម៉ុង នៅតែឈរជើងបានយ៉ាងរឹងមាំ និងឆ្ពោះទៅមុខជានិច្ច ក៏ដូចជាបង្កើតកម្មវិធី ផ្តល់ជូនពិសេសៗ ដើម្បីឲ្យអតិថិជនកាន់តែរីករាយ ជាមួយអត្ថប្រយោជន៍ជាច្រើន។
ជាក់ស្ដែង គិតត្រឹមខែសីហា ឆ្នាំ២០២១ ធនាគារ ជីបម៉ុង មានអតិថិជនបានដាក់ប្រាក់បញ្ញើ រហូតដល់ជាង៦០០លានដុល្លារអាមេរិក ខណៈប្រាក់កម្ចី បានកើនឡើង ដល់ជិត៥០០លានដុល្លារអាមេរិក ចំណែកទ្រព្យសកម្មរបស់ធនាគារ មានសរុបជិត៧០០លានដុល្លារអាមេរិក។
លើសពីនោះទៀត នាពេលថ្មីៗនេះ ធនាគារជាតិ នៃកម្ពុជា បានអនុម័តជូនធនាគារ ជីប ម៉ុង បន្ថែមដើមទុនចុះបញ្ជី ចំនួន៣០លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើឲ្យដើមទុនសរុប កើនឡើងរហូតដល់១០៥លានដុល្លារអាមេរិក។
របាយការណ៍ របស់ធនាគារ ជីបម៉ុង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ជីបម៉ុង បានសរសេរថា «បើទោះបីជាមានបញ្ហាប្រឈម ពីជំងឺកូវីដ១៩ក្តី ធនាគារ ជីបម៉ុង នៅតែឈរជើងបានយ៉ាងរឹងមាំ និងឆ្ពោះទៅមុខជានិច្ច»។
អ្នកឧកញ៉ា លាង ម៉េង បានបន្ដថា ទាំងអស់នេះ គឺសុទ្ធសឹងតែកើតចេញ ពីអភិបាលកិច្ចល្អ របស់ធនាគារជាតិនៃកម្ពុជា និងគណៈគ្រប់គ្រង ព្រមទាំងបុគ្គលិក គ្រប់ជាន់ថ្នាក់របស់ធនាគារ ជីបម៉ុង ដែលពោរពេញដោយបទពិសោធន៍ ក្នុងការគ្រប់គ្រងធនាគារ។
គូសបញ្ជាក់ថា ធនាគារ ជីបម៉ុង បានបង្កើតឡើងក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មានសាខាចំនួន៨ នៅរាជធានីភ្នំពេញ និង៣សាខាទៀត ស្ថិតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕