(ភ្នំពេញ)៖ ខ្សែបម្រើសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) ឈិន ឈឿន បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបង្កកំហុស បន្ទាប់ពីដួលដៃប៉ះបាល់ក្នុងប្រអប់នៅម៉ោងបន្ថែមកាលពីយប់មិញ ធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀងទទួលបានឱកាសមាសទាត់បាល់ពិន័យ ១១ម៉ែត្រ ដើម្បីស្វែងរកគ្រាប់បាល់ជ័យជម្នះ ៣-២ លើក្រុមខ្លួន ក្នុងជំនួបសប្ដាហ៍ទី១២ នៃលីគកំពូលកម្ពុជានៅកីឡដ្ឋានខេត្តស្វាយរៀង។
អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះបានបញ្ជាក់ថា «ខ្ញុំពិតជាមានការសោកស្ដាយខ្លាំង ហើយជាបទពិសោធដ៏ល្អមួយក្នុងជីវិតបាល់ទាត់របស់ខ្ញុំ។ កំហុសមួយនេះ ខ្ញុំមិននឹកស្មានថា វាកើតឡើង ព្រោះទី១-ស្ថានភាពទីលានរអិលដល់ពេលចឹងពិបាកក្នុងការគ្រប់គ្រងជំហ ហើយពេលហ្នឹងប្រយុទ្ធនៅខាងស្វាយរៀងលូកដៃមកដាច់អ៊ីឡង់ខ្ញុំដួលទៅ អត់មើលឃើញបាល់ទេ ដួលទៅប៉ះបាល់ ហើយបាល់ហ្នឹង ខ្ញុំគិតថា បាល់អចេតនា...»។
ឈិន ឈឿន បន្ដថា «បាល់ហ្នឹង គឺបាល់អចេតនា ខ្ញុំអត់មានបំណងទេ ទី១-ខ្ញុំរត់ពីមុខ ដល់ពេលខាងគូប្រកួតរត់ពីក្រោយស៊ុកដៃចូលមកធ្វើឲ្យខ្ញុំដាច់អ៊ីឡង់ ហើយគួបផ្សំរអិលផង ខ្ញុំក៏ដួល ហើយពេលខ្ញុំដួល ខ្ញុំអត់ដឹងត្រូវធ្វើម៉េចទេ គឺដួលទៅបាល់នៅមុខហ្មង ខ្ញុំអត់មានបំណងទៅវ៉ៃ ឬលូកដៃប៉ះបាល់អីទេ គឺបាល់ហ្នឹងវានៅមុខយើង គ្រាន់ដួលភ្លាម ខ្ញុំងើបមកភ្លាម ទាត់បាល់ចេញភ្លាម។ ពេលហ្នឹងអាជ្ញាកណ្ដាលខ្សែបន្ទាត់ គេថាអត់មានឲ្យប៉េណាល់ទីទេ តែគាត់ (អាជ្ញាកណ្ដាលលើទីលាន) មួយសន្ទុះបានខាងស្វាយរៀងគេស្រែកប៉ះដៃៗ គាត់ក៏ផ្លុំសម្រេចយកហ្មង»។
អតីតសមាជិកក្រុមព្រះខ័នរាជស្វាយរៀងដដែលបន្ថែមថា «ខ្ញុំមិននឹកស្មាន វាកើតរឿងហ្នឹងឡើងទេ ហើយខ្ញុំសោកស្ដាយខ្លាំងណាស់ ព្រោះបើជាគ្រាប់បាល់ស្មើអត់សូវអីទេ តែគ្រាប់បាល់ចាញ់ ៣-២ ទៀត ខ្ញុំសោកស្ដាយបំផុត គឺខ្ញុំអត់ដែលជួបនៅក្នុងជីវិតបាល់ទាត់របស់ខ្ញុំទេ។ នេះជាលើកទី១ ដែលខ្ញុំបានបង្កើតកំហុសហ្នឹង ខ្ញុំមានអារម្មណ៍មួយសោកស្ដាយសម្រាប់ក្រុមមែនទែន។ ហើយថ្ងៃហ្នឹងខាងក្រុមរបស់ខ្ញុំលេងបានល្អ ទាំងកីឡាករ និងគ្រូ គឺគាត់សប្បាយចិត្ត តែដល់ពេលលទ្ធផលបែបហ្នឹង គឺវាអត់សប្បាយចិត្តសោះសម្រាប់ខ្ញុំ ខ្ញុំដេកគិតរហូត ខ្ញុំពិបាកចិត្តបំផុត សម្រាប់កំហុសមួយហ្នឹង»។
សូមរំឮកថា ជំនួបដ៏ជក់ចិត្ត រវាងក្រុមទាំងពីរខាងលើ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ ប៉ុន្ដែដើមវគ្គទី២ ក្រុមទ័ព បានស៊ុតបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុនដោយកីឡាករជប៉ុន Yuta Kikuchi នៅនាទី៤៩ និងកីឡាករ ណារ៉ុង កក្កដា នៅនាទី៦២។ បន្ទាប់មកព្រះខ័នរាជស្វាយរៀង ក៏បានព្យាយាមវាយបក រហូតរកបាន ៣គ្រាប់ត្រឡប់មកវិញ ដោយកីឡាករ Mika ម្នាក់ឯង ក្រោយឆក់បាល់ពីខ្សែការពារទ័ព នៅនាទី៧៦ និង ២គ្រាប់ទៀត ធ្វើបានសម្រេចដោយការទាត់បាល់ប៉េណាល់ទី នៅនាទី៨១ បន្ទាប់ពីអ្នកចាំទី គង់ រ៉ាហ្វាត់ បង្កកំហុសលើ ប្រាក់ មុន្នីឧត្តម និងនៅនាទី៩០+៣ បន្ទាប់ពីបាល់ប៉ះដៃ ឈិន ឈឿន ក្នុងប្រអប់៕