(សៀមរាប)៖ ស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប «សហគមន៍ទេសចរណ៍ធម្មជាតិត្បែងគូលែន» គឺជាទីតាំងបោះតង់ និងសម្រាកលម្ហែបែបជនបទថ្មីដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរដែលចង់ផ្លាស់ប្តូរពីការរស់នៅទីក្រុង មកទទួលយកនូវបទពិសោធន៍កម្សាន្តបែបជនបទ (ទេសចរណ៍ជនបទ)។

ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទបន្ទាយស្រី ក៏ដូចជាគោលដៅទេសចរណ៍នានានៅក្នុងស្រុកបន្ទាយស្រី អាចសាកល្បងបោះតង់សម្រាកនៅសហគមន៍នេះ អមជាមួយទេសភាពធម្មជាតិខៀវស្រងាត់ មើលឃើញជើងភ្នំ ធ្វើឲ្យអ្នកទេសចរអាចរំសាយនូវទុក្ខកង្វល់ ដោយក្នុងសហគមន៍នោះក៏មានទីតាំងបោះតង់ និងសម្រាកលម្ហែបែបជនបទមួយមានឈ្មោះថា The Scenery Natural Campsite ដែលមានចម្ងាយត្រឹមតែ ៨ គីឡូម៉ែតប៉ុណ្ណោះពីប្រាសាទបន្ទាយស្រី។

ក្រៅតែពីសេវាកម្មបោះតង់ The Scenery Natural Campsite ក៏មានផ្តល់ជូននូវសេវាកម្មផ្សេងៗជាច្រើនជូនដល់ភ្ញៀវទេសចរ ដូចជា ម្ហូបអាហារ ការជិះកង់កម្សាន្តនៅជុំវិញសហគមន៍ ការធ្វើនំបញ្ចុក និងការដាំដុះបន្លែបង្ការរបស់ប្រជាសហគមន៍។

លោកស្រី កង គន្ធា ដែលជាម្ចាស់ទីតាំងនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រៅពីការបោះតង់យើងមានបម្រើសេវាកម្ម ម្ហូបអាហារ ភេសជ្ជៈ ហើយមានរៀបជាកញ្ចប់ Tour សម្រាប់ភ្ញៀវ ដូចជាការជិះកង់កម្សាន្តមើលអ្នកភូមិ របៀបនៃការរស់នៅរបស់អ្នកភូមិ ការធ្វើនំបញ្ចុក ការដាំបន្លែ និងចិញ្ចឹមសត្វ ការជិះកង់ទៅលេងដល់ព្រៃបល្ល័ង្ក ស្រះដូនរាជនៅជិតៗនេះ យើងសម្បូរកន្លែងដើរលេងច្រើន»

ម្ចាស់ទីតាំង The Scenery Natural Campsite រូបនេះបានឲ្យដឹងទៀតថា ពាក់ព័ន្ធទៅនឹងម្ហូបអាហារដែលធ្វើជូនសម្រាប់ភ្ញៀវ គឺបន្លែ ត្រី សាច់ ភាគច្រើនជាការដាំដុះ ក៏ដូចជាចិញ្ចឹមនៅទីនេះដោសហគមន៍នៅក្នុងស្រុកបន្ទាយស្រីផ្ទាល់តែម្តង គ្មានជាតិគីមី រឹតតែបង្កើនរសជាតិអាហារមួយកម្រិតទៀត ខណៈដែលទីតាំងរបស់លោកស្រីផ្ទាល់ ក៏មានដាំដុះនូវបន្លែបង្ការ និងចញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ជាម្ហូបអាហារជូនដល់ភ្ញៀវទេសចរមកបោះតង់សម្រាកនៅទីនេះផងដែរ។

«ចំពោះបន្លែត្រីសាច់ គឺពួកគាត់ចិញ្ចឹមនៅទីនេះផ្ទាល់ លក្ខណៈធម្មជាតិទាំងអស់ ហើយដោយឡែក បន្លែមួយចំនួន ដូចជា ការ៉ុត ខ្ទឹមបារាំង ដំឡូងបារាំង គឺយើងទិញពីផ្សារមក ដោយសារតែគាត់មិនទាន់អាចធ្វើបាន។ សព្វថ្ងៃកន្លែងយើងមាន យើងដាំជាប្រភេទគ្រឿងទេស គល់ស្លឹកគ្រៃ រំដេង ជី ហើយសត្វយើងចិញ្ចឹងមមាន់ និងត្រី» នេះជាការបញ្ជាក់បន្ថែមទៀតរបស់លោកស្រី កង គន្ធា។

សូមបញ្ជាក់ថា ទីតាំងបោះតង់ The Scenery Natural Campsite ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០១៩ និងបានចាប់ផ្តើមបើកទទួលភ្ញៀវកាលពីខែសីហា ឆ្នាំ២០២០ ប៉ុន្តែប្រសិនបើភ្ញៀវទេសចរចង់មកសម្រាកលម្ហែ ក៏ដូចជាបោះតង់នៅទីនេះ ភ្ញៀវទេសចរត្រូវកក់ទុកជាមុន ព្រោះម្ចាស់ទីតាំងត្រូវផ្តល់ព័ត៌មានទៅខាងអាជ្ញាធរភូមិ ដើម្បីធានានូវវិធានសុខាភិបាល ហើយម្យ៉ាងទៀតក៏ជាការងាយស្រួលក្នុងការរៀបចំនូវម្ហូបអាហារ កន្លែងសម្រាក និងសេវាកម្មផ្សេងៗឲ្យបានល្អជូនដល់ភ្ញៀវទេសចរផងដែរ៕