(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្នុងនោះក្រុមការងារបានណែនាំអំពីការហាមការចតយានយន្ត ការចតកង់ម៉ូតូ ការលក់ដូរតាមដងផ្លូវ និងហាមដើរជាន់ស្មៅ ឬអង្គុយញ៉ាំអាហារផ្សេងៗតាមដងផ្លូវដែរ។

ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរាក៏កំពុងសាងសង់សំណង់ស្ពានបេតុងថ្មីចំនួន ២ កន្លែង ជំនួសឲ្យស្ពានចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច។ ស្ពានទាំង ២ រួមមានទី១ ស្ថិតនៅលើប្រឡាយរំដោះទឹកជំនន់ ក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពួក មានទំហំ ២៦ ម៉ែត្រ ទទឹង ៤ ម៉ែត្រនិងទី២ ស្ថិតនៅចំណុចឆ្លងស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ដែលមានប្រវែង ២២ ម៉ែត្រ ទទឹង ៤ ម៉ែត្រ។

ស្ពានទាំងពីរនេះក្រៅពីមានសារៈសំខាន់ជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាជនក្នុងឃុំដូនកែវ និងឃុំល្វា វាក៏ជួយដល់ការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព ក្នុងការរំដោះទឹកជំនន់ពីតំបន់អង្គរ ក្រុងសៀមរាប និងទីរួមស្រុកពួក ទៅស្ទឹងពួក និងស្ទឹងព្រះស្រុក ធ្លាក់ចុះទៅបឹងទន្លេសាប៕