(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំប្រវែង ២៥ ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ គម្រោងជួសជុលដែលចាប់ដំណើរការពីខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង ៧០ ភាគរយហើយ។
អាជ្ញាធរជាតិអប្សរាបានអះអាងថា ការងារនេះមានការលំបាកយ៉ាងខ្លាំង ដោយដីមានការរលុះខ្លាំង ថ្មខឿនផ្នែកខាងក្រោម និងគ្រឹះមានការបាត់បង់ និងពុកផុយច្រើនដែលតម្រូវឱ្យយើងធ្វើការពង្រឹង និងរៀបឡើងវិញទាំងអស់។ កិច្ចការនេះគ្រោងនឹងបញ្ចប់នាដំណាច់ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំងបានចំនួន ១០ កន្លែង មានប្រវែងសរុបចំនួន ១៦០ ម៉ែត្រ៕