(កាឌីហ្វ)៖ ប្រធានក្រុមជម្រើសជាតិវែល Gareth Bale បាននិយាយថា «វិធីដ៏ល្អក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើរើសអើងជាតិសាសន៍» គឺត្រូវបិទក្រុមណា ដែលមានអ្នកគាំទ្រប្រើភាសារើសអើងតែម្តង ដើម្បីទុកជាការព្រមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។
ការលើកឡើងរបស់ខ្សែប្រយុទ្ធក្លិប Real Madrid បានធ្វើឡើងបន្ទាប់ពីកីឡាករនៃប្រទេសអង់គ្លេស បានរងការប្រមាថពីអ្នកគាំទ្រប្រទេសហុងគ្រី កាលពីថ្ងៃព្រហស្បត្តិ៍ ដែលជំរុញឲ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បើកការស៉ើបអង្កេតផងដែរ។
Gareth Bale បានលើកឡើងថា «ត្រូវតែបិទក្រុមចេញពីការប្រកួត បើសិនជាអ្នកគាំទ្រពួកគេបន្តប្រើភាសារើសអើងទៅកាន់កីឡាករក្រុមដទៃ ហើយនេះប្រហែលជាវិធីដ៏ល្អ ក្នុងការប្រយុទ្ធប្រឆាំងអំពើរើសអើងជាតិសាសន៍ដែរ»។
Bale បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា នៅពេលដែលក្រុមនោះត្រូវបានរងឃើញអំពើល្មើស ហើយគាត់ក៏បាននិយាយថា នឹងដើរចេញពីទីលាន បើសិនជាមិត្តរួមក្រុមរបស់គាត់រងការប្រមាថ។
Bale បានបន្តថា «បើសិនប្រទេសនោះ ប្រើកាយវិការដ៏អាក្រក់ មានតែការបិទក្រុមនោះចោលប្រហែលជាវិធីដ៏ល្អ។ ព្យួរការប្រកួតដល់ពួកគេ ហើយសង្ឃឹមថា ពួកគេនឹងរៀនមេរៀនរបស់ពួកគេតាមវិធីនោះ»។
FIFA បានប្រកាសថា នឹងបើកការស៉ើបអង្កេត បន្ទាប់ពីកីឡាករនៃប្រទេសអង់គ្លេស រងការរើងអើងពូជសាសន៍ អំឡុងពេលការប្រកួតឈ្នះប្រទេសហុងគ្រីក្នុងលទ្ធផល ៤ទល់នឹង០ នៃវគ្គជម្រុះ World Cup នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ នាទីក្រុងប៊ូដាប៉េស្ត។ FA បានសំណូមពរទៅ FIFA ឲ្យបើកការស៉ើបអង្កេតសំឡេងស្រែកកងរំពង ដែលត្រូវបានអះអាងថា ជាការប្រមាថលើកីឡាករ Raheem Sterling និង Jude Bellingham។
សេចក្តីរាយការណ៍ពីកីឡដ្ឋានប្រកួត ដោយភ្នាក់ងារសារព័ត៌មាន Sky News អះអាងថា មានសំឡេងជេរដ៏អាក្រក់មួយគឺ «អាស្វាខូច (sporadic monkey)» ចេញពីកន្លែងនានាដែលមានមនុស្សអង្គុយ សម្តៅទៅខ្សែប្រយុទ្ធ Sterling នៅពេលដែលគាត់កាន់បាល់ និងកើតឡើងម្តងទៀតផងដែរ ពេលដែលគាត់បញ្ជូនបាល់ឲ្យ Harry Kane បញ្ចប់ទីសម្រាប់គ្រាប់ទី២៕