(តូក្យូ)៖ ទីក្រុងតូក្យប្រាព្ធពិធីលាព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ (2020 Summer Paralympics) បន្ទាប់ពីការប្រកួតអស់រយៈពេល១២ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក (IPC) លោក Andrew Parsons បាននិយាយជាភាសាជប៉ុនថា «arigato» ដែលមានន័យថា «សូមអរគុណ» ទៅកាន់ទីក្រុងតូក្យូ ហើយបានប្រកាសថាព្រឹតិ្តការណ៍កីឡាប៉ារ៉ាឡាំពិកមិនត្រឹមតែជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអស្ចារ្យទៀតផង។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមិនចង់ធ្វើបែបនេះទេ ប៉ុន្តែវាដល់ពេលដែលខ្ញុំត្រូវប្រកាសថា ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០ បានបិទបញ្ចប់ហើយ...អបអរសាទរដល់ទីក្រុងតូក្យូសម្រាប់ការប្រកួតប៉ារ៉ាឡាំពិកដ៏អស្ចារ្យ... យើងពិតជានឹងជួបអ្នកម្តងទៀតនៅទីក្រុងប៉ារីស សម្រាប់ការប្រកួតប៉ារ៉ាឡាំពិករដូវក្តៅខាងមុខទៀត»

អណ្តាតភ្លើង នៃប៉ារ៉ាឡាំពិកត្រូវបានគេពន្លត់ ហើយទង់ត្រូវបានប្រគល់ឱ្យទីក្រុងប៉ារីស ដើម្បីកាន់កាប់និងថែរក្សារហូតដល់ការប្រកួតបន្ទាប់នៅឆ្នាំ២០២៤៕