(ម៉ិកស៊ីកូ)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក លោក Gerardo Martino នឹងអវត្តមានពីការដឹកនាំក្រុមរបស់លោកលេងវគ្គជម្រុះ World Cup ឆ្នាំ២០២២ ចំនួន ២ប្រកួតនាពេលខាងមុខ បន្ទាប់ពីលោកទទួលការវះកាត់ភ្នែក។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ម៉ិកស៊ិក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
បុរសសញ្ជាតិអាហ្សង់ទីន វ័យ ៥៨ឆ្នាំរូបនេះបានទទួលការវះកាត់ ដើម្បីជួសជុលរេទីន (ផ្នែកមួយនៃភ្នែក) ដែលដាច់ចេញក្នុងភ្នែកខាងស្តាំរបស់គាត់ ហើយត្រូវបានគ្រូពេទ្យគេណែនាំឲ្យសម្រាកនៅផ្ទះ។ នេះបើតាមសហព័ន្ធបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
«ការវះកាត់នេះត្រូវបានធ្វើឡើងក្នុងលក្ខណៈបន្ទាន់... ដើម្បីជៀសវាងហានិភ័យនៃការបាត់បង់ចក្ខុវិស័យដ៏ល្អរបស់គាត់»។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែលបន្តយ៉ាងដូច្នេះ។
ការវះកាត់នេះដែរបានធ្វើឡើងមិនដល់ ១ថ្ងៃនោះទេ បន្ទាប់ពីម៉ិកស៊ិកបានចាប់ផ្តើមការប្រកួតវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) នាឆ្នាំក្រោយ នៅប្រទេសកាតា ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះឈ្នះ ២-១ លើក្រុមហ្សាម៉ាអ៊ីក (Jamaica)។
ជំនួយការគ្រូបង្វឹក លោក Jorge Theiler នឹងទទួលបន្ទុកដឹកនាំក្រុមក្នុងការប្រកួតវគ្គជម្រុះ តទល់នឹងក្រុមកូស្តារីកានៅថ្ងៃអាទិត្យ និងក្រុមប៉ាណាម៉ា នៅថ្ងៃពុធខាងមុខ៕