(អាំស្ទើដាំ)៖ កីឡាករប្រណាំងរថយន្តនៃក្រុម Alfa Romeo កីឡាករ Kimi Raikkonen ត្រូវបានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍ប្រណាំងរថយន្តនៅទឹកដីហូឡង់ (F1 Dutch Grand Prix 2021) ដោយសារតេស្តវិជ្ជមាន COVID-19 មុនការប្រកួត ខណៈកន្លែងនេះត្រូវបានជំនួសដោយកីឡាករបម្រុង Robert Kubica។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Formula 1 នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

បុរសវ័យ ៤១ឆ្នាំ Kimi Raikkonen នៅក្នុងសប្តាហ៍នេះ រូបគេបានប្រកាសថានឹងចូលនិវត្តន៍ពីអាជីពក្រោយបញ្ចប់រដូវកាលឆ្នាំ២០២១ នេះ ខណៈអ្នករៀបចំក្រុម Alfa Romeo បានឲ្យដឹងថា Kimi មិនមានរោគសញ្ញាអ្វីនោះទេ ហើយគាត់បានដាក់ខ្លួនដាច់ដោយឡែកពីគេផងដែរ ចំពោះបញ្ហាមេរោគ COVID-19 គ្រាដែលការប្រកួតធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះនៅទីលាន Circuit Zandvoort។

ក្នុងនោះស្ថាប័នគ្រប់គ្រង Formula 1 (The Federation Internationale de l'Automobile) បានរៀបចំយ៉ាងតឹងរឹងចំពោះបញ្ហា COVID-19 ដោយតម្រូវដាក់ភាពឯកាភ្លាមៗ និងធ្វើតេស្តម្តងទៀតចំពោះបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលវិជ្ជមាន៕