(ប៊ូដាប៉េស្ត)៖ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសថា នឹងបើកការស៉ើបអង្កេត បន្ទាប់ពីកីឡាករនៃប្រទេសអង់គ្លេស រងការរើងអើងពូជសាសន៍ អំឡុងពេលការប្រកួតឈ្នះប្រទេសហុងគ្រីក្នុងលទ្ធផល ៤ទល់នឹង០ នៃវគ្គជម្រុះ World Cup នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ នាទីក្រុងប៊ូដាប៉េស្ត។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅថ្ងៃសៅរ៍នេះបញ្ជាក់ថា ដំណឹងនៃការស៉ើបអង្កេតរបស់ FIFA បានធ្វើឡើង បន្ទាប់ពីមានការអំពាវនាវពីសមាគមបាល់ទាត់អង់គ្លេស (FA)។ FA បានសំណូមពរទៅ FIFA ឲ្យបើកការស៉ើបអង្កេតសំឡេងស្រែកកងរំពង ដែលត្រូវបានអះអាងថា ជាការប្រមាថលើកីឡាករ Raheem Sterling និង Jude Bellingham។

សេចក្តីរាយការណ៍ពីកីឡដ្ឋានប្រកួតដោយភ្នាក់ងារសារព័ត៌មាន Sky News អះអាងថា មានសំឡេងជេរដ៏អាក្រក់មួយគឺ «អាស្វាខូច (sporadic monkey)» ចេញពីកន្លែងនានាដែលមានមនុស្សអង្គុយ សម្តៅទៅខ្សែប្រយុទ្ធ Sterling នៅពេលដែលគាត់កាន់បាល់ និងកើតឡើងម្តងទៀតផងដែរ ពេលដែលគាត់បញ្ជូនបាល់ឲ្យ Harry Kane បញ្ចប់ទីសម្រាប់គ្រាប់ទី២។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ូដាប៉េស្ត លោក Gareth Southgate អ្នកគ្រប់គ្រងកីឡាបាល់ទាត់អង់គ្លេសបានថ្លែងដោយក្តីរំពឹងថា «ការរើសអើង នឹងត្រូវលុបបំបាត់ មិនមែនតែលើវិស័យបាល់ទាត់ទេ គឺសម្រាប់រឿងទូទៅតែម្តង»៕