(ភ្នំពេញ)៖ តារាសម្ដែងស្រីស្អាត លីម មួយហ្គិច បន្ទាប់ពីការងារសិល្បៈរបស់នាងហាក់ថមថយបន្តិច ព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩ នាងក៏បានងាកមកពង្រឹង លើការងារជំនួញរកស៉ី ដោយបានពង្រីកហាងអាហាររបស់នាងបន្ថែមមួយសាខាទៀត ដែលហាក់បីដូចជាការវិវឌ្ឍន៍នៃដំណើរជីវិតរបស់នាង ឈានទៅរកគ្រឹះរឹងមាំមួយកម្រិតទៀត បន្ទាប់ពីការងារសិល្បៈ ខណៈដែលកន្លងមក នាងបានហែលឆ្លងភាពកំសត់កម្រ ពីក្មេងលក់ចាហួយ និងលក់បបរតាមចិញ្ចើមថ្នល់តែប៉ុណ្ណោះ។

ថ្លែងប្រាប់ Fresh News Plus តាមរយៈសារអេឡិចត្រូនិច តារាសម្ដែងមុខមានមន្តស្នេហ៍ លីម មួយហ្គិច បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះការងារសិល្បៈរបស់នាង ហាក់រយាលបន្តិចហើយ ប៉ុន្តែក៏នៅមានអ្នកទាក់ទងថត និងសម្ដែងខ្លះៗមិនសូវដាច់ គ្រាន់តែមិនមមាញឹកដូចមុន។ ប៉ុន្តែអ្វីដែលជាមោទនភាព និងជោគជ័យមួយជំហាន ទៀត បន្ទាប់ពីការងារសម្ដែង គឺនាងទើបតែពង្រីកហាងអាហារបន្ថែម នៅក្នុងបុរីប៉េងហួតបឹងស្នោរ មានឈ្មោះថា «អាហារដ្ឋាន ៩៩៩ អូរឫស្សី» ដែលអាចនិយាយបានថា ជាមុខរបរគ្រឹះរឹងមាំមួយ ឆ្ពោះទៅរកភាពជោជ័យនៃជីវិត។

លីម មួយហ្គិច និយាយថា «ច៎ាបង..! ពេលនេះបានបុកគ្រឹះមាំហើយ តែត្រូវខំរកស៉ីម៉ង់ត៍ ដើម្បីសង់ផ្ទះជាបន្ត ក្រែងបានខ្ពង់ខ្ពស់នឹងគេ! ពីក្មេងអង្គុយលក់ចាហ៊ួយដូងតាមផ្លូវ ពីតារាលក់បបរតាមចិញ្ចើមថ្នល់ គេមាក់ងាយ ឡកឡឺយ មិនសូវចង់រាប់រក ព្រោះឋានៈតូចទាប តែមិនដែលចុះចាញ់ទេ ញញឹមដាក់គេទាំងយំក្នុងចិត្ត តែក៏អរគុណនូវពាក្យតិះដៀល មើលងាយទាំងអស់នេះ ទើបអាចក្លាយជាមនុស្សរឹងមាំបែបនេះ»

នាងបន្តថា «ទោះបីពេលនេះមិនមានទ្រព្យដូចគេ តែពេលនេះខ្ញុំជាអ្នកមានពិតប្រាកដ ព្រោះតែខ្ញុំមានគ្រួសារដ៏កក់ក្តៅពេញលេញមួយ មានមុខរបរ និងការងារច្បាស់លាស់ មានមនុស្សជុំវិញខ្លួនសុទ្ធតែមនុស្សមានគុណភាព គ្រប់គ្រាន់ ជឿលើបុណ្យបាប ធ្វើល្អបានជួបល្អ!»

តារាសម្ដែង លីម មួយហ្គិច បានបន្តទៀតថា ទោះបីជាហាងអាហាររបស់នាង បើកដំណើរការមកក្នុងរដូវកាលនៃជំងឺកូវិដ-១៩ក្ដី ប៉ុន្តែមានអ្នកគាំទ្រ និងកុម្ម៉ងតាមអនឡាញច្រើន ធ្វើឲ្យនាងជាប់រវល់ខ្លាំងលើការងាររកស៉ីនេះ ដោយត្រូវដកឃ្លាពីសិល្បៈខ្លះ តាមពេលវេលាជាក់ស្ដែង។ ពេលនេះនាងមានមុខរបរច្បាស់លាស់ និងរឹងមាំហើយ ខណៈដែលពីមុនមកនាងធ្លាប់ឆ្លងកាត់ នូវរសជាតិជីវិតនឿយហត់ លំបាកលំបិនច្រើនស្ទើររាប់មិនអស់៕