(បាងកក)៖ ប្រទេសថៃបានឱ្យដឹងថា ចាប់ពីសប្ដាហ៍នេះទៅនឹងចាប់ផ្ដើមប្រមូលពន្ធលើតម្លៃបន្ថែម (VAT) ពីក្រុមហ៊ុនបច្ចេកវិទ្យា បរទេសទាំងអស់ដែលមានប្រតិបត្តិការនៅក្នុងប្រទេសរបស់ខ្លួន និងបានរំពឹងថាអាចនឹងទទួលបានប្រាក់ចំណូលបន្ថែម ជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់ ៥ពាន់លានបាត (ប្រហែល ១៥៤.៧០លានដុល្លារអាមេរិក)។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រមូលពន្ធនេះគឺធ្វើ ឡើង ចំពោះតែក្រុមហ៊ុនបរទេសដែលផ្តល់សេវាកម្មអេឡិចត្រូនិកប៉ុណ្ណោះ។
លោក Ekniti Nitithanpraphas មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងថា តាមផែនការគឺមានក្រុមហ៊ុនបរទេស ប្រមាណ ជា ១០០ ដែលត្រូវចុះបញ្ជីបង់ពន្ធ VAT នេះ ហើយរហូតមកដល់ពេលនេះមានក្រុមហ៊ុនចំនួន ៦៩ហើយ ដែលបានចុះឈ្មោះ ចំណែក នៅសល់ប៉ុន្មានទៀតនេះកំពុងតែដំណើរការចុះឈ្មោះ។
រដ្ឋាភិបាលថៃបានបែងចែកក្រុមហ៊ុនបច្ចេកវិទ្យាដែលត្រូវបង់ពន្ធនោះជា៥ផ្នែកគឺ ក្រុមហ៊ុនដែលផ្ដល់សេវាកម្ម e-commerce, ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញ (Facebook, Google) ក្រុមហ៊ុនអន្តរការី ( Grab) និងក្រុមហ៊ុនផ្ដល់សេវាកម្ម streaming services ដូចជា Netflix ជាដើម។
លោក Ekniti Nitithanpraphas បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនដែលមានប្រាក់ចំណូលលើសពី ១.៨លានបាត នឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធ ចំនួន ៧ភាគរយ ជារៀងរាល់ខែ ខណៈដែលគោលដៅនៃការប្រមូលពន្ធនេះត្រូវបានរដ្ឋាភិបាលថៃ កំណត់ចំនួន ៦ពាន់លានបាត តែមកដល់ពេលនេះ ការប្រមូលពន្ធនេះបានរហូតដល់ ៨០០ពាន់លានបាតទៅហើយ៕