(ភ្នំពេញ)៖ ការយល់ដឹងពីច្បាប់ចរាចរណ៍ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើរតាមដងវិថីនានា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នករួមដំណើរផងដែរ។
ដោយយល់ឃើញពីសារៈសំខាន់ និងក្នុងគោលបំណងចូលរួមក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជាផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័ស ឈានមុខគេនៅកម្ពុជា បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងការរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ចំនួនបីថ្ងៃ ដល់ដៃគូដឹកជញ្ជូនរាប់ពាន់នាក់របស់ខ្លួន ដោយការបង្រៀនត្រូវបានផ្សាយចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ។
វគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ចរាចរណ៍ផ្លូវគោក» នេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្រោមការដឹកនាំ របស់ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបង្រៀនដោយ លោកវិរសេនីយ៍ត្រី ពុំ សិលា និង លោកអនុសេនីយ៍ឯក សេង សុផាត តាមកម្មវិធី Zoom និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក foodpanda riders ដែលអនុញ្ញាត ឲ្យដៃគូដឹកជញ្ជូនទូទាំងប្រទេស ក៏ដូចជាសាធារណៈជនចូលរួមដោយសេរី។
អ្វីដែលគួរឲ្យកត់សំគាល់ គឺមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ដៃគូរដឹកជញ្ជូនរបស់ក្រុមហ៊ុន foodpanda ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា អំឡុងពេលនៃការផ្តល់វគ្គបណ្តុះបណ្តាលនេះ។ តាមរយៈការចូលរួម និងការរៀបចំកម្មវិធីនេះដែរ វាជាចំណែកមួយ ក្នុងការចូលរួមជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត៕