(ឡុងដ៍)៖ ក្លិបបាល់ទាត់ Arsenal ផ្នែកនារី បានចុះកិច្ចសន្យា ជាមួយកីឡាការិនីឈ្នះពានរង្វាន់ World Cup ចំនួន២លើក Tobin Heath បន្ទាប់ពីកិច្ចសន្យារបស់នាង បានបញ្ចប់ជាមួយក្លិបបាល់ទាត់នារី Manchester United, នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគកំពូលផ្នែកនារីរបស់អង់គ្លេស Women's Super League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
កីឡាការិនីលំដាប់អន្តរជាតិ របស់អាមេរិក វ័យ៣៣ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប United កាលពីឆ្នាំមុន និងបានស៊ុតបញ្ចូលទី៤គ្រាប់ ក្នុងការបង្ហាញខ្លួន១១ប្រកួត មុនពេលបញ្ចប់រដូវកាល ដោយការរងរបួស ក្នុងខែមករា, ប៉ុន្តែនាងបានជាសះស្បើយវិញ ត្រូវពេលដើម្បីជួយប្រទេសរបស់នាង ឲ្យឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតនៅព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងតូក្យូ (Tokyo Olympics)។
ដោយមានបទពិសោធន៍ជាខ្សែប្រយុទ្ធ, កីឡាការិនី Heath បានជាប់ក្នុងក្រុមជម្រើសជាតិអាមេរិក ចំនួន១៧៧លើក, បានស៊ុតបញ្ចូលទី៣៥គ្រាប់ ក្នុងការប្រកួតអន្តរជាតិ ដែលរួមបញ្ចូល ទាំងការដណ្តើមបានមេដាយមាស ចំនួន២គ្រឿងផងដែរ។
គួរជម្រាបថា ក្លិប Arsenal នឹងធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមភ្ញៀវ Chelsea ក្នុងការប្រកួតបើកឆាករបស់ពួកគេ នៃរដូវកាល WSL នាថ្ងៃអាទិត្យសប្តាហ៍នេះ៕