(អង់គ្លេស)៖ យោងតាមសារព័ត៌មាន Skynews បានផ្សាយឲ្យដឹងថា Cristiano Ronaldo នឹងពាក់អាវលេខ៧ម្តងទៀត នេះបើយោងតាមការបញ្ជាក់ពីក្លិប។
ជាមួយការទទួលបានអាវលេខ៧ កីឡាខ្សែប្រយុទ្ធឆ្នើមលើពិភលោករូបនេះ បាននិយាយថា រូបគេមិននឹកស្មានថាទទួលបានអាវលេខ៧ម្តងទៀតនោះទេ។ Cristiano Ronaldo បានអរគុណអនេកចំពោះមិត្តរួមក្រុមកីឡាករ Edinson Cavani ដែលនឹងត្រូវពាក់អាវលេខ២១វិញ។ Ronaldo ចាត់ទុកការលះបង់នេះជាកាយវិការដ៏អស្ចារ្យ។
ជាមួយគ្នានេះ Cavani ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ នឹងពាក់អាវលេខ២១ របស់កីឡាករ Daniel James ដែលផ្លាស់ប្តូរទៅក្លិប Leeds United។
សូមជម្រាបថា ក្រោយចាកចេញរយៈពេល ១២ឆ្នាំ Manchester United បានចុះកិច្ចសន្យាទិញម្ចាស់បាល់មាស Ballon d'Or ចំនួន ៥លើកពីក្លិបសេះបង្កង់ Juventus មកវិញក្នុងតម្លៃ ២៣លានអឺរ៉ូ ដែលកិច្ចព្រមព្រៀងនេះមានរយៈពេល ២ឆ្នាំ ហើយក្លិបផ្តល់ឲ្យគាត់ជាង ៥៥ម៉ឺនអឺរ៉ូក្នុង ១សប្តាហ៍ (៤៨០,០០០ផោន)។
Juventus បានទិញ Ronaldo ក្នុងតម្លៃជាង ១២២លានអឺរ៉ូជាមួយកិច្ចសន្យា ៤ឆ្នាំពីក្លិបយក្សអេស្ប៉ាញ Real Madrid ក្រោយចេញពី Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩ បន្ទាប់ពីរកគ្រាប់បាល់បាន ១១៨គ្រាប់ក្នុងការចូលលេងបាន ២៩២លើក៕