(កូរ៉េ)៖ ក្រុមហ៊ុន Belift Lab បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ពីការរកឃើញវិជ្ជមានចំនួន៥ករណី ទៅលើសមាជិកចំនួន៥នាក់ នៃក្រុមចម្រៀងបុរស ENHYPEN ខណៈការរកឃើញវិជ្ជមាននេះ គឺនៅអំឡុងពេលដែលពួកគេ កំពុងធ្វើចត្តាឡីស័ក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។
ក្រុមហ៊ុន Belift Lab បានបញ្ជាក់ថា តារាចម្រៀងទាំង៥នាក់ ដែលវិជ្ជមានកូវីដ-១៩ គឺមានដូចជា Jungwon, Heeseung, Jay, Jake, និង Sunghoon ដែលពួកគេត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ អំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែក ព្រោះពួកគេបានឃុំខ្លួនតាំងពីថ្ងៃទី២៦ ខែសីហាមកម្ល៉េះ បន្ទាប់ពីជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩។ អំឡុងពេលធ្វើចត្តាឡីស័ក ពួកគេជាបន្តបន្ទាប់បានចេញអាការៈ ហើយក៏ទទួលលទ្ធផលវិជ្ចមានតែម្តង។
ជុំវិញបញ្ហានេះ ខាងក្រុមហ៊ុនរបស់តារាប្រុសខាងលើ បានចេញមុខសុំការអភ័យទោស ពីសំណាក់អ្នកគាំទ្រ ចំពោះការធ្វេសប្រហែល តែយ៉ាងណាពួកគេប្តេជ្ញាថា នឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យអ្នកសិល្បៈដែលបានឆ្លងកូវីដ-១៩ ឆាប់ជាសះស្បើយឡើងវិញ និងធ្វើតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលផងដែរ៕