(តូក្យូ)៖ កីឡាការិនីរបស់សិង្ហបុរី Yip Pin Xiu បានឈ្នះមេដាយមាស នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ វិញ្ញាសាហែលទឹកត្រឡប់ក្រោយ (S2) ចម្ងាយ៥០ម៉ែត្រ នៅឯព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ (Tokyo Paralympics) នាថ្ងៃព្រហស្បតិ៍នេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ។

នាងបានចំណាយពេល១នាទីនិង២.០៤វិនាទី នៅឯមជ្ឈមណ្ឌលកីឡាហែលទឹកទីក្រុងតូក្យូ (Tokyo Aquatics Centre), ដោយទទួលបានជោគជ័យ ក្នុងការការពារមេដាយរបស់នាង ដែលបានឈ្នះ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងរីយ៉ូ ក្នុងឆ្នាំ២០១៦។ នាងក៏បានបង្កើតកំណត់ត្រាល្អបំផុត នៅរដូវកាលថ្មីនេះផងដែរ។

កីឡាការិនីវ័យ២៩ឆ្នាំរូបនេះ បច្ចុប្បន្ន គឺជាអ្នកកាន់កំណត់ត្រាពិភពលោក នៅក្នុងព្រឹត្តិការណ៍កីឡាជនមានពិការភាពនេះ។

Yip បានបញ្ចប់យុទ្ធនាការ នៅឯទីក្រុងតូក្យូរបស់នាង ជាមួយនឹងមេដាយមាសចំនួន២, ដោយបានការពារយ៉ាងជោគជ័យ មេដាយរបស់នាង ក្នុងវិញ្ញាសាហែលត្រឡប់ក្រោយ (S2) ចម្ងាយ១០០ម៉ែត្រ កាលពីសប្តាហ៍មុន។

កីឡាការិនី Yip, ដែលកើតមកមានជំងឺសាច់ដុំនោះ, បានគ្រងម្កុដ ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ នៅឯព្រឹត្តិការណ៍ Singapore Disability Sports Awards កាលពីខែសីហាកន្លងទៅ៕