(ម៉ាឌ្រីដ)៖ ក្លិប Atletico Madrid ម្ចាស់ជើងឯក La Liga ឆ្នាំ២០២០-២០២១ បានចុះហត្ថលេខាយកខ្សែប្រយុទ្ធ Antoine Griezmann ពីក្លិប FC Barcelona មកវិញយ៉ាងតក់ក្រហល់មុនទ្វារដោះដូរកីឡាករត្រូវបិទនៅយប់ថ្ងៃអង្គារ ក្រោមលក្ខខណ្ឌខ្ចីជើង ១ឆ្នាំ ហើយអាចទិញដាច់ផងដែរ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

Atletico នឹងចំណាយលើប្រាក់ឈ្នួលរបស់ Griezmann ហើយចំពោះការផ្ទេរ ១រដូវកាលនេះបានភ្ជាប់កាតព្វកិច្ចអចិន្ត្រៃយ៍ក្នុងតម្លៃ ៤០លានអឺរ៉ូ (៣៤.៤លានផោន) តែប៉ុណ្ណោះ។ កីឡាករបារាំងបានចាកចេញពី Atlético ទៅ Barcelona កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ ១២០លានអឺរ៉ូ ប៉ុន្តែបានបរាជ័យក្នុងការបង្ហាញខ្លួនខុសពីការរំពឹងទុក។

Griezmann រកបាន ១៣៣គ្រាប់ក្នុងការចូលលេងបាន ១៥៧លើកសម្រាប់ក្លិប Atletico។ ប៉ុន្តែ កីឡាករវ័យ ៣០ឆ្នាំ បែរជារកបានត្រឹមតែ ៣៥គ្រាប់ ក្នុងការប្រកួត ១០២លើក និងរកបានពាន Copa del Rey តែ ១ប៉ុណ្ណោះ សម្រាប់ក្លិប Barca។

Griezmann គឺជាកីឡាករទី១១ រួមទាំង Lionel Messi ផងដែរ ដែលបានចាកចេញពី Barcelona នៅរដូវក្តៅនេះ ដោយសារតែបញ្ហាហិរញ្ញវត្ថុ។ ក្លិបនេះ ត្រូវតែសម្រេចចិត្តឲ្យអ្នករកបានគ្រាប់បាល់លំដាប់កំពូលៗចាកចេញ ដោយគោរពតាមបញ្ញត្តិរបស់ La Liga ខណៈពេលដែល Messi ទៅចូលរួមជាមួយ Paris St-Germain។

ការផ្ទេរ Griezmann គឺជាការផ្ទេរកីឡាករទី៣ របស់ Barcelona មុនថ្ងៃបិទបញ្ចប់ទ្វារដោះដូរកីឡាករក្នុងនោះ Emerson Royal បានទៅចូលរួមជាមួយ Tottenham ក្នុងតម្លៃ ២៥.៨លានផោន ហើយខ្សែបម្រើ Ilaix Moriba បានទៅចូលរួមជាមួយ RB Leipzig ក្នុងតម្លៃ ១៣.៧លានផោន។

កាលពីរដូវក្តៅឆ្នាំមុន Atletico បានទិញយកខ្សែប្រយុទ្ធ Luis Suarez ពី Barcelona និងបានជួយ Diego Simeone ឈ្នះពាន La Liga ផងដែរ៕