(ប៊ែកឡាំង)៖ កីឡាករអន្តរជាតិសញ្ជាតិអូទ្រីស Marcel Sabitzer បានចូលរួមជាមួយក្លិប Bayern Munich បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលនឹងលេងរហូតដល់ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីក្លិបទាំងពីរ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។
កីឡាករខ្សែបម្រើប្រយុទ្ធ វ័យ ២៧ឆ្នាំរូបនេះនឹងជួបជុំគ្នាវិញជាមួយអតីតគ្រូបង្វឹក លោក Julian Nagelsmann និងខ្សែការពារ Dayot Upamecano ដែលអ្នកទាំងពីរ ក៏បានចូលរួមដោយផ្ទេរមកពីក្លិប RB Leipzig ផងដែរ។
Sabitzer បានចូលរួមជាមួយ Leipzig ក្នុងរដូវក្តៅឆ្នាំ២០១៤ ហើយបានស៊ុតបញ្ចូលទីសរុប ៤០គ្រាប់ ក្នុងការបង្ហាញខ្លួន ១៧៧ប្រកួត។
កីឡាករចំណូលថ្មីរបស់ក្លិប Bayern Munich នេះបានជាប់ឈ្មោះលើកដំបូងលេងឲ្យក្រុមជម្រើសជាតិក្នុងឆ្នាំ២០១២។ លោកបានស៊ុតបាល់បញ្ចូលទី ៨គ្រាប់ក្នុងការប្រកួតអន្តរជាតិ ៥៤ប្រកួត និងជាផ្នែកមួយនៃក្រុមជម្រើសជាតិអូទ្រីស សម្រាប់ព្រឹត្តិការណ៍ Euro 2020 ដែលត្រូវបានទម្លាក់ចេញ ដោយក្រុមអ៉ីតាលី ក្នុងម៉ោងបន្ថែមនៃវគ្គប្រកួតជម្រុះ ១៦ក្រុម។
កីឡាករ Sabitzer នឹងអាចមានឱកាសបង្ហាញខ្លួនជាលើកដំបូងប្រកួតតទល់នឹងក្លិបចាស់របស់ខ្លួន ខណៈក្រុម Bayern ដែលឈរនៅលំដាប់លេខ៣ នឹងប៉ះគ្នាជាមួយក្រុម Leipzig ក្នុងការប្រកួតជុំទី៤ នៃលីគ Bundesliga របស់អាល្លឺម៉ង់នៅថ្ងៃទី១១ ខែកញ្ញាខាងមុខ៕