(ឡុងដ៍)៖ ក្លិបបាល់ទាត់ West Ham United បានចុះហត្ថលេខាជាមួយខ្សែបម្រើប្រយុទ្ធសញ្ជាតិក្រូអាស៊ី Nikola Vlasic ផ្ទេរមកពីក្លិប CSKA Moscow របស់រុស្ស៊ី លើកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

West Ham មិនបានបង្ហាញពីតម្លៃនៃការផ្ទេរកីឡាកររូបនេះនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះ យល់ព្រមចំណាយប្រាក់ ៣០លានអឺរ៉ូ (៣៥.៤៧លានដុល្លារ) បួកនឹងប្រាក់ ៩លានអឺរ៉ូទៀត ជាផ្នែកបន្ថែមសម្រាប់កីឡាករ Vlasic ដែលបានជាប់ ២៦លើកលេងឲ្យក្រុមជម្រើសជាតិក្រូអាស៊ី ហើយក៏បានស៊ុតបាល់បញ្ចូលទីនៅឯព្រឹត្តិការណ៍ Euro 2020 ផងដែរ។

កីឡាករ Vlasic វ័យ ២៣ឆ្នាំបានវិលត្រឡប់ទៅលេងនៅលីគកំពូលរបស់អង់គ្លេសវិញ ជាទីកន្លែងដែលលោកបានចំណាយពេលមួយរដូវកាល លេងនៅក្លិប Everton ក្នុងឆ្នាំ២០១៧-១៨។

«Vlasic ធ្លាប់បានលេងជាង ២៥០ប្រកួតបានស៊ុតបញ្ចូលទី ៣៣គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន ២១គ្រាប់ឲ្យក្លិប CSKA ក្នុងរយៈពេល ៣រដូវកាលមុន ហើយត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២០ នៅលីគបាល់ទាត់កំពូលរុស្ស៊ី (Russian Premier League Footballer of the Year in 2020)» នេះបើតាមក្លិប West Ham បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។

គួរបញ្ជាក់ថា West Ham បានចាប់ផ្តើមយ៉ាងល្អ ក្រោមការដឹកនាំរបស់លោក David Moyes ហើយឈរនៅលំដាប់ទី២ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត មាន ៧ពិន្ទុក្នុងដៃ ឈរនៅពីក្រោយក្លិបកំពូល Tottenham Hotspur។ ក្លិបនឹងត្រូវជួបជាមួយក្រុម Southampton នៅថ្ងៃទី១១ ខែកញ្ញាខាងមុខ នៅពេលដែលលីគបន្តចាប់ផ្តើមឡើងវិញ ក្រោយពីសម្រាកអន្តរជាតិ៕