(មែនឆេស្ទើ)៖ ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការក្នុងការចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លិបសេះបង្កង់ Juventus ខណៈនៅក្នុងសេចក្តីថ្លែងការណ៍នោះ ក៏មានការបញ្ជាក់ពីខ្សែប្រយុទ្ធ Ronaldo អំពីការត្រៀមវិលមកលេងឲ្យអតីតក្លិបចាស់វិញដែរ។ នេះបើតាមការចុះផ្សាយដោយគេហទំព័រ Manchester United នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។
Ronaldo បានបង្ហាញអារម្មណ៍ក្នុងការត្រៀមវិលមកក្លិប Man Utd វិញថា «ក្លិប Man Utd ជាក្រុមនៃផ្នែកមួយក្នុងបេះដូងខ្ញុំ ហើយខ្ញុំតែងតែទទួលបានសារជាច្រើនពីសំណាក់អ្នកគាំទ្រ ក្រោយពេលព្រមព្រៀងកិច្ចសន្យាកាលពីថ្ងៃសុក្រ។ ខ្ញុំមិនអាចរង់ចាំក្នុងការប្រកួតនៅកីឡដ្ឋាន Old Trafford ដែលមានអ្នកគាំទ្រជាច្រើនពេញទីលានបានរង់ចាំមើលការប្រកួតម្តងទៀត និងចង់ជួបពួកគេខ្លាំងណាស់»។
ខ្សែប្រយុទ្ធដែលក្លិប Man Utd បង្ហាញថា ធ្លាប់លេងបាន ២៩២ប្រកួត និងរកបាន ១១៨គ្រាប់នោះ ក៏បានបន្តថា «ខ្ញុំកំពុងរកមើលការចូលរួមប្រកួតជាមួយក្រុម បន្ទាប់ពីប្រកួតអន្តរជាតិរូច ហើយខ្ញុំគិតថា យើងនឹងមានភាពជោគជ័យនៅរដូវកាលខាងមុខ»៕