(ភ្នំពេញ)៖ កីឡាករ-កីឡាការិនី ដែលជាម្ចាស់មេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games), អាស៊ីហ្គេម (Asian Games) និងអូឡាំពិកហ្គេម (Olympic Games) បានទទួលសិទ្ធិពិសេសក្នុងការដាក់ពាក្យប្រឡងចូលរៀនថ្នាក់បណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា។ នេះបើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា។

ការបញ្ជាប់នេះបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសរៀបចំការប្រឡងជ្រើសរើសសិស្សឲ្យចូលរៀនថ្នាក់បណ្ដុះបណ្ដាលគ្រូបង្វៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡាជំនាន់ទី៣០ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឆ្នាំសិក្សា២០២១-២០២២ ដោយត្រូវការជ្រើសរើសសិស្សទាំងពីរភេទចំនួន ១៥០នាក់ ក្នុងនោះមានតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+២ ជំនាន់ទី៣០ ចំនួន ១២៥នាក់ និងកម្រិតបរិញ្ញាបត្រសិល្បៈមនុស្សសាស្ដ្រឯកទេសអប់រំកាយ ១២+៤ ជំនាន់ទី៣ ចំនួន ២៥នាក់។

ចំពោះលក្ខខណ្ឌប្រឡងបេក្ខជនទាំងពីរភេទ ត្រូវតែជាសិស្សសុទ្ធសាធ មានជីវប្រវត្តិច្បាស់លាស់ និងមិនទាន់មានការងារក្នុងក្របខណ្ឌរដ្ឋ ត្រូវមានសញ្ជាតិខ្មែរ មានអាយុចាប់ពី ១៧ឆ្នាំដល់ ២៥ឆ្នាំ និងត្រូវនៅលីវរហូតដល់បញ្ចប់ការបណ្ដុះបណ្ដាល។ លើសពីនេះ ត្រូវមានសុខភាពល្អ កាយសម្បទាមាំមួន និងគ្រប់លក្ខណៈ ដូចជានារីត្រូវមានកម្ពស់ចាប់ពី ១,៥៥ម៉ែត្រឡើង និងបុរសមានកម្ពស់ចាប់ពី ១,៦៥ម៉ែត្រឡើងជាដើម ពិសេសត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ។

ប៉ុន្ដែករណីពិសេសសម្រាប់កីឡាករ-កីឡាការិនីជម្រើសជាតិ ដែលជាម្ចាស់មេដាយមាស ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ក្នុងសេចក្ដីជូនដំណឹងខាងលើថា «បេក្ខភាពដែលជាកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលទទួលបានជយលាភីមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេម អាស៊ីហ្គេម និងអូឡាំពិកហ្គេម ត្រូវបានអនុញ្ញាតឲ្យប្រឡងចូលរៀន នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយទទួលបានការលើកលែងលក្ខខណ្ឌកម្ពស់ និងអាយុ»

សម្រាប់ការទទួលពាក្យចុះឈ្មោះប្រឡង នឹងចាប់ផ្ដើមទទួលពីថ្ងៃទី០៦ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ការប្រឡងសាកល្បង លើកទី១ ប្រឡងនៅថ្ងៃទី២៨ ខែតុលា និងលើកទី២ ប្រឡងនៅថ្ងៃទី០១ ខែវិច្ឆិកា។ ចំពោះសម័យប្រឡងផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយវិញ្ញាសាប្រឡង គឺអនុវត្តតាមកម្មវិធីថ្នាក់ទី១២ មធ្យមសិក្សាទុតិយភូមិចំណេះទូទៅ។ ប៉ុន្ដែក្នុងបរិបទកូវីដ-១៩ នេះ ក្រសួងនឹងរៀបចំការប្រឡងតាមអនឡញ ដោយតម្រូវឲ្យបេក្ខជនត្រូវប្រើស្មានហ្វូន ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត៕