(ភ្នំពេញ)៖ ក្រោយពន្យារពេលការប្រកួតអស់ជាច្រើនខែ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសលុបចោលការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកលីគនារី និងការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ជាផ្លូវការហើយ ។ នេះបើតាមការប្រកាសរបស់សហព័ន្ធ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។

តាមការបញ្ជាក់លើបណ្ដាញសង្គមរបស់សហព័ន្ធ បានឲ្យដឹងថា «យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចលប់ចោលការប្រកួតជម្រើសជើងឯកបាល់ទាត់នារី និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ និង១៨ឆ្នាំ ក្រោយពិចារណាយ៉ាងម៉ត់ចត់លើសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសារព្រឹត្តិការណ៍ជំងឺកូវីដ-១៩សហគមន៍ ២០កុម្ភៈ មិនទាន់មានការថមថយ ដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពប្រមូលផ្ដុំ និងហ្វឹកហាត់របស់ក្រុមយុវជនតាមបណ្ដារាជធានី-ខេត្ត មិនអាចបន្តការប្រកួតតាមកាលវិភាគបាន ក្រោយការពន្យាពេល និងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះ»

បន្ទាប់ពីសម្រេចលុបចោលការប្រកួតរដូវកាលឆ្នាំ២០២១ សហព័ន្ធក៏បាននឹងកំពុងរៀបចំការប្រកួតសម្រាប់រដូវកាលថ្មីនាពេលខាងមុខផងដែរ ។ ដោយឡែកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រលីគនារីឆ្នាំនេះ ត្រូវបានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ស្ទួនដោយស្វ័យប្រវត្តិ ពោលគឺមានក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង និងក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ ។ ចំពោះការប្រកួតជើងឯកយុវជន U15 និង U18 នៅមិនទាន់ឆ្លងផុតការប្រកួតជម្រុះនោះទេ មុនសហព័ន្ធសម្រេចលុបចោលការប្រកួតថ្ងៃនេះ ៕