(តូរីន)៖ ក្លិបបាល់ទាត់ Juventus បានចុះហត្ថលេខាជាមួយកីឡាករខ្សែប្រយុទ្ធ Moise Kean លើកិច្ចសន្យារយៈពេល ២ឆ្នាំលេងក្នុងលក្ខខណ្ឌខ្ចីជើង ផ្លាស់មកពីក្លិប Everton។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគកំពូលអ៉ីតាលី Serie A នាថ្ងៃអង្គារ ខណៈកីឡាករសញ្ជាតិអ៉ីតាលីរូបនេះ បានវិលត្រឡប់ទៅលេងនៅក្លិបដែលលោកបានបង្ហាញខ្លួនជាលើកដំបូង ក្នុងអាជីពរបស់លោក។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា Juventus បានលើកឡើងថា ពួកគេបានព្រមព្រៀង ចំណាយថ្លៃខ្ចីជើងចំនួន ៧លានអឺរ៉ូ (៨.២៨លានដុល្លារ) ជាមួយនឹង ៣លានអឺរ៉ូក្នុងការចំណាយក្នុងរដូវកាល ២០២១-២២ ហើយ ៤លានអឺរ៉ូទៀត នឹងចំណាយនៅរដូវកាលបន្ទាប់។

Kean ដែលឆ្លងកាត់ប្រព័ន្ធយុវជនរបស់ក្លិប Juve នោះ បានបង្ហាញខ្លួនក្នុងក្រុមកំពូលជាលើកដំបូងរបស់លោកក្នុងឆ្នាំ២០១៦ ក្នុងវ័យ ១៦ឆ្នាំ បានក្លាយជាកីឡាករក្មេងជាងគេបំផុតលើកដំបូងរបស់ក្លិប និងជាកីឡាករក្មេងជាងគេបំផុតលំដាប់ទី២ របស់ក្លិបដែលរកគ្រាប់បាល់បានក្នុងលីគ Serie A។

កីឡាករ Kean ធ្លាប់ជាកីឡាករដំបូងគេដែលកើតក្នុងទសវត្សរ៍ឆ្នាំ២០០០ ដែលបានស៊ុតបាល់បញ្ចូលទីក្នុងលីគកំពូលទាំង ៥របស់អឺរ៉ុប និងលេងក្នុងជម្រើសជាតិបាន ៩ដងផងដែរ។ លោកបានចំណាយពេលកាលពីរដូវកាលមុន លេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Paris St. Germain របស់បារាំង។

គួររំលឹកថា Juventus ថ្មីៗនេះបានលក់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេកាលពីរដូវកាលមុន នៅលីគ Serie A ឲ្យទៅក្លិប Manchester United របស់អង់គ្លេស៕