(មែនឆេស្ទើ)៖ ខ្សែការពារឆ្នើម Ruben Dias បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លិប Manchester City រហូតដល់ឆ្នាំ២០២៧ ដែលរូបគេជាខ្សែការពារវ័យ ២៤ឆ្នាំត្រូវបានក្រុមមេឃខៀវទិញពីក្លិប Benfica ក្នុងតម្លៃប្រមាណ ៦៥លានផោនកាលឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ Sky Sports នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

ប្រភពខាងលើបានបន្តថា បុរសវ័យ ២៤ឆ្នាំ Dias ត្រូវបានក្លិបការពារតំណែងជើងឯកពាន Premier League រដូវកាលមុនទិញពីក្លិប Benfica ក្នុងតម្លៃដំបូង ៦២លានផោន ហើយក៏បន្ថែមដល់ ៦៥លានផោនបន្តទៀត បន្ទាប់មករូបគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងការរួមចំណែមជួយក្លិបឈ្នះពាន Premier League និងពាន Carabao Cup ហើយរងជើងឯកពាន Champions League ក្នុងរដូវកាលឆ្នាំ២០២១ ថែមទៀត។

បច្ចុប្បន្ន Ruben Dias ជាខ្សែការពារអន្តរជាតិព័រទុយហ្គាល់ បានបង្ហាញខ្លួនជាមួយ Man City បានចំនួន ៥៤ប្រកួត និងរកបាន ១គ្រាប់ផងដែរ ដែលជាខ្សែការពារម្នាក់ឈ្នះពាន UEFA Champions League Defender of the year award 2020-2021៕