(មេនឆេស្ទើ)៖ កំពូលកីឡាករលំដាប់ពិភពលោក Cristiano Ronaldo បានពិនិត្យសុខភាពសម្រាប់ក្លិបបិសាចក្រហម Manchester United រួចរាល់ហើយ ដើម្បីត្រៀមចូលរួមជាមួយក្លិបចាស់វិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

Man Utd នៅថ្ងៃសុក្រ ទី២៧ ខែសីហាសប្តាហ៍មុនបានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបសេះបង្កង់ Juventus ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មកកាន់ក្លិបចាស់នៅក្របខណ្ឌ Premier League វិញ។ ក្លិបដែលមានមូលដ្ឋាននៅអង់គ្លេស នឹងចំណាយប្រាក់ប្រមាណ ១៥លានអឺរ៉ូ (១២.៨៧លានផោន) បូកថែមថ្លៃផ្តាច់កិច្ចសន្យា ៨លានអឺរ៉ូ (៦.៨៦លានផោន) សម្រាប់កីឡាករសញ្ជាតិព័រទុយហ្កាល់ ដែលត្រូវពិនិត្យសុខភាពនៅទីក្រុង Lisbon ប្រមាណ ១សប្តាហ៍។

លក្ខខណ្ឌឯកភាពផ្ទាល់ខ្លួនរបស់ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំជាមួយក្លិបបានប្រព្រឹត្តទៅដោយរលូនលើកិច្ចសន្យា ២ឆ្នាំ។ យ៉ាងនេះក្តី ភាគីទាំងសងខាងប្រឹងបញ្ចប់កិច្ចព្រមព្រៀងផ្ទេរ មុនយប់ថ្ងៃពុធ ដែលជាពេលបិទទ្វារដោះដូរកីឡាករ។

សូមជម្រាបថា ក្រោយចាកចេញរយៈពេល ១២ឆ្នាំ Manchester United បានចុះកិច្ចសន្យាទិញម្ចាស់បាល់មាសចំនួន ៥លើកពីក្លិបសេះបង្កង់ Juventus ក្នុងតម្លៃ ២៣លានអឺរ៉ូ។ កិច្ចព្រមព្រៀងនេះមានរយៈពេល ២ឆ្នាំ ហើយក្លិបផ្តល់ឲ្យគាត់ជាង ៥៥ម៉ឺនអឺរ៉ូក្នុង ១សប្តាហ៍ (៤៨០,០០០ផោន)។

Juventus បានទិញ Ronaldo ក្នុងតម្លៃជាង ១២២លានអឺរ៉ូជាមួយកិច្ចសន្យា ៤ឆ្នាំពីក្លិបយក្សអេស្ប៉ាញ Real Madrid ក្រោយចេញពី Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩ បន្ទាប់ពីរកគ្រាប់បាល់បាន ១១៨គ្រាប់ក្នុងការចូលលេងបាន ២៩២លើក។ តាមពិតទៅប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ ៣៦ឆ្នាំនៅសល់ពេលមិនដល់ ១០ខែទៀតទេសម្រាប់ការលេងនៅ Juventus មុនវិលមកទ្រនំចាស់វិញ៕