(ប៉េកាំង)៖ ក្រុមអត្តពលិកកីឡាវាយតេន្នីសរបស់ចិន (Table Tennis) បានសម្រេចដកខ្លួនចេញពីការប្រកួត នៅព្រឹត្តិការណ៍វាយតេន្នីសលើតុជើងឯកអាស៊ី (Asian Championships), នេះបើតាមការបញ្ជាក់ពី សមាគមកីឡាវាយតេន្នីសលើតុចិន (CTTA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។ ដោយព្រឹត្តិការណ៍ Asian Table Tennis Championships នឹងធ្វើឡើងនៅទីក្រុង Doha ប្រទេសកាតា ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។
បើតាមលោក Qin Zhijian អគ្គលេខាធិការ CTTA បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករបស់ពួកគេ ក្រោយពីវិលត្រលប់មកពីព្រឹត្តិការណ៍ Tokyo Olympic Games នោះ, ក្រុមកីឡាករចិន នឹងវិលត្រឡប់ទៅក្រុមតាមខេត្តរបស់ពួកគេ នៅក្នុងការត្រៀមចូលរួមប្រកួត នៅព្រឹត្តិការណ៍កីឡាជាតិលើកទី១៤ (14th National Games), ដែលគេឲ្យឈ្មោះថា ព្រឹត្តិការណ៍អូឡាំពិកខ្នាតតូចរបស់ចិន នៅខេត្ត Shaanxi។
ពួកគេ ក៏នឹងត្រៀមសម្រាប់ព្រឹត្តិការណ៍ World Championships នៅទីក្រុង Houston សហរដ្ឋអាមេរិក និងបន្ទាប់មកព្រឹត្តិការណ៍ China Table Tennis Super League។ ដោយសារការប្រកួតតេន្នីសលើតុនៅ National Games នឹងត្រូវធ្វើឡើងចម្លោះថ្ងៃទី១៧ និងថ្ងៃទី២៦ ខែកញ្ញា ហើយព្រឹត្តិការណ៍ Asian Championships នឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែកញ្ញានោះ, វាគឺជាពេលវេលាកំណត់ជាប់ៗគ្នា រវាងព្រឹត្តិការណ៍ទាំងពីរ។
ដែលការធ្វើដំណើរលក្ខណៈអន្តរជាតិ វាពិតជាមានភាពលំបាក សម្រាប់ក្រុមក្នុងការធ្វើដំណើរទៅដល់កាតា តាមការគ្រោងទុក ដើម្បីចូលរួមប្រកួត», នេះបើតាមលោក Qin ដែលមានតួនាទីជាប្រធានគ្រូបង្វឹក ក្រុមជម្រើសជាតិចិនផងដែរនោះ បានប្រាប់យ៉ាងដូច្នេះ។
លោកបន្ថែមថា «វាមានហានិភ័យខ្លាំងណាស់ ក្នុងការធ្វើដំណើរអន្តរជាតិ នៅអំឡុងពេលការរីករាលដាលនៃមេរោគ ហើយអ្នកចូលរួមទាំងអស់ ត្រូវតែធ្វើចត្តាឡីស័ក បន្ទាប់ពីចូលរួមព្រឹត្តិការណ៍ Asian Championships ដែលនឹងប៉ះពាល់ដល់គម្រោងរបស់ពួកយើង ក្នុងការចូលរួមព្រឹត្តិការណ៍នាពេលខាងមុខ ជាពិសេសព្រឹត្តិការណ៍ World Championships»។
លោក Qin បានបញ្ជាក់ថា «វានឹងមិនផ្តល់ផលប្រយោជន៍ ដល់ការអភិវឌ្ឍកីឡាករវ័យក្មេងរបស់យើងនោះទេ ហើយក្រុមគ្រូបង្វឹកទាំងផ្នែកបុរស និងស្ត្រី បានសម្រេចចិត្តដកខ្លួន ចេញពីការប្រកួត Asian Championships ដើម្បីផលប្រយោជន៍រួមរបស់ក្រុម» នៅពេលដែលព្រឹត្តិការណ៍ World Championships នឹងធ្វើឡើងចម្លោះពីថ្ងៃទី២៣ ដល់២៩ ខែវិច្ឆិកាខាងមុខ៕