(អាល្លឺម៉ង់)៖ កីឡាករខ្សែបម្រើការពារ Joshua Kimmich បានបន្តកិច្ចសន្យាថ្មី មុនការគ្រោងទុក ដោយបន្តលេងនៅក្លិប FC Bayern Munich ស្ថិតក្នុងលីគអាល្លឺម៉ង Bundesliga រហូតដល់ខែមិថុនា ឆ្នាំ២០២៥, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
Kimmich ជាខ្សែបម្រើការពារមានវ័យ ២៦ឆ្នាំបានរួនចំណែកជួយក្លិប Bayern Munich ឈ្នះពានជាច្រើនមានដូចជាពានលីគកំពូល Bundesliga ៦ដង, ពានរង្វាន់ German Cups ចំនួន៣គ្រឿង, ពានរង្វាន់ Champions League, ពានរង្វាន់ Supercups ចំនួន ៥ដង, និងពានរង្វាន់ FIFA Club World Cup ខណៈដែលរូបគេបានចូលរួមជាមួយក្លិប Bayern ក្រោយចាកចេញពីក្លិប Leipzig ក្នុងឆ្នាំ២០១៥ ហើយបានស៊ុតបញ្ចូលទី ៣០គ្រាប់នៅក្នុងការប្រកួតចំនួន ២៦៤ប្រកួត។
ក្នុងនោះបើតាមប្រធានក្លិប Bayern Munich លោក Herbert Hainer បានលើកឡើង «យើងរីករាយ ដែលអាចបន្តទៅកិច្ចសន្យាថ្មីទៅមុខបន្តទៀតជាមួយ Joshua Kimmich។ រូបគេបានអភិវឌ្ឍន៍ខ្លួន ទៅកាន់កីឡាករអន្តរជាតិកំពូល ជាមួយពួកយើង ហើយវាពិតជាសំខាន់ សម្រាប់ពួកយើង ដើម្បីរក្សាកីឡាករ ដែលមានគុណភាព សម្រាប់ការលេងរយៈពេលយូរ» កីឡាករខ្សែការពាររូបនេះ ក៏ជាផ្នែកមួយ នៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយបានបង្ហាញខ្លួននៅការប្រកួតលក្ខណៈអន្តរជាតិ ចំនួន ៥៩លើកនិងស៊ុតបញ្ចូលទីបាន ៣គ្រាប់ផងដែរ៕